សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨នៅប្រទេសបារាំង
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី និងចូលរួម វេទិកាសន្តិភាពប៉ារីស លើកទី៨ នៅប្រទេសបារាំងនៅចុងសប្តាហ៍នេះ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥បានឱ្យដឹងថាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលានៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រីដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការដែលមានរយៈពេល៦៩ ឆ្នាំ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី សម្តេចរដ្ឋសភាធិបតី គ្រោងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេចនឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី។
ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទាំងពីរ និងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភា ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង។
នៅប្រទេសហុងគ្រីដែលសម្តេចរដ្ឋសភាធិបតី គ្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌មួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំងដែលប្រារព្ធឡើងនៅថ្ងៃទី២៩ និងទី៣០ ខែតុលាបន្តទៀត។
នៅក្នុងវេទិកាអន្តរជាតិនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ចំនួនបីលើក ដាច់ដោយឡែកពីគ្នា រួមមាន៖ ១) នៅក្នុងកិច្ចប្រជុំពេញអង្គក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» , ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។
ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្តាប្រទេសផ្សេងៗ និងដៃគូអភិវឌ្ឍន៍នានា រួមទាំងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕
ដោយ៖ ហេង សម្បត្តិ