សន្និបាតសាខា អាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

(កោះកុង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង រៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២៥ ។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ ៖
១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ។

ក្នុងឱកាសបិទសន្និបាតនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថា៖ សំឡេងឆ្នោតគាំទ្រ ជាសក្ខីកម្ម នៃការប្រគល់ជូន លោកជំទាវ ឯកឧត្តម​ អស់លោក លោកស្រី នូវភារកិច្ច ដ៏ឧត្តុង្គឧត្តម ជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តកោះកុងចាប់ពីថ្ងៃនេះតទៅ ។ ដូច្នេះដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមគណៈកិត្តិយស គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈកការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖ទី១ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការ ត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុ ទី២ការលើកកម្ពស់ ការយល់ដឹង និងចូលរួមផ្ដល់ ការអប់រំផ្សព្វផ្សាយលើកកំពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែមជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ជាដើម ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅជានាពេលបច្ចុប្បន្នតាមរយះការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។ រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្ស ពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារ ឲ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នា ទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ ។

សូមបញ្ជាក់ថា ៖ សន្និបាទសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ អាណត្តិទី៦ ( ២០២៥-២០៣០ ) នេះរៀបចំឡើងដោយយោងតាមលក្ខន្តិកៈ កាកបាទក្រហមកម្ពុជា ជំពូកទី៥ មាត្រា២៤ស្តីពី សាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម វិធានទី៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា២៤ កថាខណ្ឌទី៣ ។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពីការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង៧ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាខេត្តកោះកុងទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍន៍ស្ថាប័ន
ជាមួយគ្នានេះ លោកជំទាវ ពុំ ចន្ទីនី បានគូសបញ្ជាក់ និងសង្កត់ធ្ងន់អពីបញ្ហាសុខភាពជាពិសេសជំងឺមិនឆ្លង សំខាន់ៗចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ តាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។

សូមសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមតាមឃុំសង្កាត់ មេត្តាចុះផ្សព្វផ្សាយសារអប់រំទាំងនេះជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ព្រោះជំងឺទាំងនេះយើងអាចការពារបាន ដូចពាក្សស្លោកពោលថា “ស្រឡាញ់ខ្លួន ស្ងួនចំណី”៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner