កម្ពុជា និងថៃ ចាប់ផ្តើមកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅថ្ងៃត្រង់នេះ ក្នុងខេត្តចន្ទបុរី
(ចន្ទបុរី ថៃ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីថៃ អញ្ជើញដឹកនាំ ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នាវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដោយមានសមាសភាពប្រតិភូ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។
របៀបវារៈសំខាន់ៗ នៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃនេះរួមមាន៖
ទី១ ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ទី២ របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជាថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាពិសេសករណីភូមិជោគជ័យ។
សូមជម្រាបថា ក្នុងនោះក៏មានរបៀបវារៈផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចការព្រំដែនផងដែរ ៕




រូបថត៖ ហុង ម៉េងឡុង & ខឹម សុវណ្ណារ៉ា / AKP