កម្ពុជា និងថៃ នៅថ្ងៃនេះបន្តបើកិច្ចប្រជុំថ្ងៃទី២នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។នេះបើតាមការឱ្យដឹងពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថាសម្រាប់នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕









ដោយ ៖ ម៉ាដេប៉ូ