ស៊ីរីត្រូវការលុយជាង ២០០ ពាន់លានដុល្លារស្តារប្រទេសឡើងវិញ

បាដដាដ ៖ ការស្តារប្រទេសស៊ីរីឡើងវិញ ក្រោយសង្គ្រាមស៊ីវិលដ៏រុំារ៉ៃជាង ១៣ឆ្នាំមកនេះ អាចនឹងត្រូវចំណាយលុយដល់ទៅ ២១៦ពាន់លានដុល្លារ នេះបើយោងតាមការព្យាកររបស់របាយការណ៍នៃធនាគារពិភពលោក (WB) កាលពីថ្ងៃអង្គារ។

ការកសាងប្រទេសឡើងវិញ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ដែលរដ្ឋាភិបាលថ្មីស៊ីរីកំពុងជួបប្រឈមមុខ បន្ទាប់ពីការផ្តួលរំលំរបបដឹកនាំរបស់អតីតមេដឹកនាំចាស់វស្សា លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។

ហើយស្របពេលជាមួយគ្នានេះ ធនាគារពិភពលោកបានលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ការចំណាយសរុបលើការកសាងប្រទេសស៊ីរីឡើងវិញ ត្រូវបានប៉ាន់ប្រមាណថា មានទឹកប្រាក់រហូតដល់ ២១៦ពាន់លានដុល្លារ បន្ទាប់ពីមានជម្លោះអស់រយៈពេលជាង ១៣ឆ្នាំ។

សង្រ្គាមស៊ីវិលស៊ីរីដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ដោយសារការគាបសង្កត់យ៉ាងឃោរឃៅនៃរបបដឹកនាំផ្តាច់ការរបស់អតីតប្រធានាធិបតីស៊ីរី លោក Assad ចំពោះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលគាត់ បានសម្លាប់មនុស្សជាងកន្លះលាននាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះធំធេង។

ទន្ទឹមគ្នា ធនាគារពិភពលោកក៏បានប៉ាន់ប្រមាណដែរថា ការចំណាយលើការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម គឺធំជាងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ២០២៤ ដែលបានព្យាករដោយប្រទេសស៊ីរីដល់ទៅ ១០ដងឯណោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner