រដ្ឋបាលខេត្តពិនិត្យវឌ្ឍនភាព សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានលេចរូបរាងប្រមាណជា ៨០ភាគរយហើយ នេះបើតាម លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសាងសង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

លោក ឃ្លោក នួយ មានប្រសាសន៍ថា ដើម្បីផ្តល់ និងទទួលបានធាតុចូលជាប្រវត្តិសាស្ត្រអំពីរឿងរ៉ាវ ខ្លឹមសារ កម្រងរូបភាពសំខាន់ៗពី អតីតកាល នៃការតស៊ូរបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ការបង្កើតខេត្ត រហូតសម្រេចបានការបញ្ចប់សង្គ្រាម ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា ទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ និងបានដឹកនាំគោលនយោបាយនេះ ដើម្បីការកសាងមាតុភូមិ ដ៏កម្សត់ ឱ្យមានឈ្មោះដ៏ឧត្តុងឧត្តមដូចបច្ចុប្បន្ននេះ។ ការសាងសង់ សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំផ្ទាល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្តែងនៃប្រវត្តិការណ៍ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ។

លោក ឃ្លោក នួយ បញ្ជាក់ថា សួនតេជោសន្តិភាពបានរចនាឡើងក្នុងសណ្ឋានជាទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩គុណ ២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩ទឹក១ហ៊ុន១លី។ សួនតេជោសន្តិភាពបែងចែកជា៣ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកទី១៖ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង។ ផ្នែកទី២៖ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាបថវិមាន ឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង (សម្រាប់ថ្នាក់ជាតិ៦ផ្ទាំង ៩ក្រុង-ស្រុក៩ផ្ទាំង និងសម្រាប់ខេត្ត៣ថ្នាំង) និងផ្នែកទី៣៖ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១ មានបីជ្រុង តំណាងឱ្យការធានា៣យ៉ាង ថ្នាក់ទី២៖មានប្រាំជ្រុង តំណាងឱ្យយុទ្ធសាស្ត្រនីហ្វីដ(DIFID) ថ្នាក់ទី៣៖មានប្រាំពីរជ្រុង តំណាងឱ្យកត្តាទាំង៧ ដែលនាំមកនូវជ័យជម្នះផងដែរ៕

ដោយ ៖ ឃិនគន្ធា

ads banner