Zelensky សាកចូលបើកយន្តហោះចម្បាំងស៊ុយអែត
ស្តុកខុល ៖ ប្រធានាធិបតី នៃ ប្រទេសអ៊ុយក្រែន លោក Zelensky បានសាកល្បងចូលទៅក្នុងកាប៊ីនយន្តហោះចម្បាំង Gripen នៅប្រទេសស៊ុយអែត។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ ត្រូវបានគេឃើញ នៅក្នុងកាប៊ីនយន្តហោះ Gripen E ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ទីក្រុង Linköping របស់ប្រទេសស៊ុយអែត ជាកន្លែងដែលយន្តហោះចម្បាំង ត្រូវបានផលិតដោយក្រុមហ៊ុន Saab។
យោងតាមនាយករដ្ឋមន្ត្រី ស៊ុយអែត លោក Ulf Kristersson បានឱ្យដឹងថា អ៊ុយក្រែនអាចទិញយន្តហោះចម្បាំង Gripen ដល់ទៅ ១៥០ គ្រឿង បន្ទាប់ពីចុះហត្ថលេខា លើលិខិតនៃចេតនា លើការបង្កើនកិច្ចសហប្រតិបត្តិការអាកាសចរណ៍ រវាងប្រទេសទាំងពីរ។
កាលពីឆ្នាំមុន ប្រទេស ស៊ុយអែត បានផ្អាកផែនការ បញ្ជូនយន្តហោះចម្បាំង Gripen របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសជាដៃគូ បានស្នើសុំឱ្យផ្តល់អាទិភាព សម្រាប់យន្តហោះ F-16 របស់អាមេរិក៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
