អ៊ុយក្រែនពឹងលុយដែលបានពីបរទេសបង្កកពីរុស្ស៊ី មកធ្វើសង្គ្រាមបន្ត
កៀវ ៖ អ៊ុយក្រែនទើបបានអនុម័តថវិកាសង្គ្រាម
ចំនួន ៧.៨ពាន់លានដុល្លារ ដោយរំពឹងថា មូលនិធិភាគច្រើន បានមកពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក នៅក្រៅប្រទេស នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃពុធ។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានចុះហត្ថលេខា លើការសម្រេចនេះ កាលពីថ្ងៃអង្គារ ចំពេលដែលទីក្រុងគៀវ បន្តប្រឈមមុខនឹងឱនភាពថវិកា ដ៏ខ្លាំងមួយ ហើយ ពឹងផ្អែកលើការផ្តល់មូលនិធិ របស់លោកខាងលិច ដើម្បីទ្រទ្រង់ប្រតិបត្តិការ ធ្វើសង្គ្រាម។
កាសែតអេស្ប៉ាញ El Pais បានរាយការណ៍ថា បច្ចុប្បន្ន អ៊ុយក្រែនមានលុយសម្រាប់ប្រតិបត្តិការ ត្រឹមខែមេសា ឆ្នាំ ២០២៦ ដែលជំរុញឱ្យសហភាពអឺរ៉ុប ពិចារណាលើ “ប្រាក់កម្ចី” ចំនួន ១៦៣ ពាន់លានដុល្លារ ភាគច្រើនយកមកពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលរឹបអូស នៅបរទេស។
ជាមួយគ្នានេះ សមាជិកសភាអ៊ុយក្រែនបាននិយាយថា ភាគច្រើន នៃការកើនឡើង ថវិការសង្គ្រាម ចុងក្រោយនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ហិរញ្ញប្បទាន ដោយប្រាក់ចំណូល ដែលភ្ជាប់ជាមួយមូលនិធិរុស្ស៊ី ដែលត្រូវបានបង្កក។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីលោកខាងលិចមួយចំនួន បានប្រឆាំងនឹងគំនិតផ្តួចផ្តើម ដែលដឹកនាំ ដោយសហភាពអឺរ៉ុប។ កាសែត Bloomberg បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានបដិសេធ មិនចូលរួមក្នុងផែនការនេះ ដោយលើកឡើងពីហានិភ័យស្ថិរភាពទីផ្សារ ។
ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានព្រមានថា ការរឹបអូសមូលនិធិរដ្ឋរបស់រុស្ស៊ី អាចរំលោភលើច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត លើប្រាក់អឺរ៉ូ។
ទីក្រុង មូស្គូ បានថ្កោលទោស ម្តងហើយម្តងទៀត នូវការប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាព របស់ខ្លួនថា ជា “ចោរកម្ម” ដោយព្រមានអំពីការសងសឹក៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត