ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹកអាជ្ញាធរនិងមន្ទីរអប់រំឱ្យយកចិត្តទុកដាក់ចំពោះកុមារគ្រប់អាយុចូលរៀន
កំពង់ស្ពឺ៖ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការងារជូនលោកគ្រូ អ្នកគ្រូចំនួន១.៣១៤នាក់ ក្នុងក្របខ័ណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ខេត្ត ពិសេសមន្ទីរអប់រំ យុវជននិងកីឡា ឱ្យបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មូលដ្ឋាន និងសហគមន៍ ដើម្បីកៀរគរកុមារដែលគ្រប់អាយុចូលរៀន ឱ្យចូលរៀនគ្រប់ៗគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា កុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ ។សំដៅទៅលើកុមារដែលជាកូនពលករដែលទើបវិលត្រឡប់មកវិញហើយគ្រប់អាយុចូលរៀន ឯកឧត្តមបានបញ្ជាក់បន្ថែមថា អាជ្ញាធរ មន្ទីរអប់រំត្រូវសម្របសម្រួលគ្រប់នីតិវីធីដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនេះបានចូលរៀនគ្រប់ៗគ្នា។

ជាមួយនឹងមេដាយដែលនឹងបំពាក់ជូនលោកគ្រូ អ្នកគ្រូ ,ឯកឧត្តម ហ៊ុន ម៉ានី បានលើកសរសើរថាគ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ ។ជាអ្នកតម្រង់ទិសកុមារ និងយុវជន ឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ខណៈសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAកាន់តែច្រើននោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចថា ជាការលះបង់ដ៏ធំធេងនិងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕
ដោយ៖ ម៉ុន សំអាត


