បន្ទាប់ពីខកខានជាង១០ឆ្នាំ ឆ្នាំនេះប្រជាពលរដ្ឋឃុំកោះថ្កូវ ស្រុកជលគីរីជួបទឹកលិចភូមិជាថ្មី

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖ ឃុំកោះថ្កូវ គឺជាឃុំមួយនៃស្រុកជលគីរី ខេត្តកំពង់ឆ្នាំង​ដែលជួបនឹងទឹកជំនន់ទន្លេច្រើនជាងគេ នៅពេល​ណាស្ថានភាព​ទឹកទន្លេមានកម្ពស់ជាង១០ម៉ែត្រ ។ពេលទឹកជន់ឡើងខ្លាំង ប្រជាពលរដ្ឋនៃភូមិទាំង១០របស់ឃុំតែងតែ​បម្លាស់ទី ប៉ុន្តែជាទូទៅបានផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើដំណើរច្រើនជាង គឺ​ពីការប្រើកង់ ម៉ូតូ ឡាន គោយន្តជាដើម មក​ប្រើប្រាស់ទូក កាណូតជំនួសវិញ។

លោក ចិន ផាន់ណា ប្រធានក្រុមប្រឹក្សាឃុំកោះថ្កូវ ស្រុកជល់គីរី បាននិយាយថា ក្នុងស្ថានភាពកម្ពស់ទឹកបច្ចុប្បន្ន​ធ្វើឱ្យ​ប្រជាពលរដ្ឋរស់នៅផ្លាស់ប្ដូរមធ្យោយបាយ​ធ្វើដំណើរពីផ្លូវគោកមកជំនួសដោយការជិះទូកកាណូតតាមផ្លូវទឹកវិញ។

លោកបន្តថា ជាង ១០ ឆ្នាំមកហើយឃុំកោះថ្កូវពុំដែលលិចទឹកនោះទេ ទើបតែនៅឆ្នាំ២០២៥ គឺលិចទឹកខ្លាំងជាងគេ។

សូមជម្រាបថា ឃុំកោះថ្កូវមានភូមិចំនួន១០ក្នុងនោះ ភូមិដងទង់ ភូមិតាមុលក្រោម ភូមិតាមុលលើ ភូមិកោះលត ភូមិកោះថ្កូវ ភូមិបត់ត្រង់ ភូមិកោះស្រែង ភូមិគជ្រុំ ភូមិពាមពពេច ភូមិពាមជ្រៃ និងភូមិស្លែង ។ក្នុងចំណោម​ភូមិ​ទាំង១០មានតែ៣ភូមិប៉ុណ្ណោះ គឺភូមិដងទង់ ភូមិតាមុលលើនិងភូមិតែមុលក្រោម ដែលអាចធ្វើដំណើរផ្លូវគោក
បានដោយសារមានផ្លូវដោយកសាងក្រសួងអភិវឌ្ឍន៍ជនបទលើកខ្ពស់ផុតទឹក។

ឆ្នាំនេះក្នុងពេលដែលត្រូវប្តូរមធ្យោបាយសម្រាប់ធ្វើដំណើរ បញ្ហាប្រឈមមួយបានកើតឡើងសម្រាប់គ្រួសារដែលពុំ​មាន​ទូកកាណូតផ្ទាល់ខ្លួន ពីព្រោះផ្ទះខ្លះពុំមានទូក កាណូតទេ ដោយសំអាងលើការរស់នៅកន្លងទៅច្រើនឆ្នាំ​ពុំដែលទឹកលិច​ភូមិឡើយ។ថ្វីបើជួបការលំបាករយៈពេលខ្លី តែជាក្តីរីករាយសម្រាប់រយៈពេលវែង ​ពេលទឹកស្រកទៅវិញបានបន្សល់នូវ
ល្បាប់ដ៏មានជីរជាតិសម្រាប់ការធ្វើស្រែប្រាំង និងចម្ការទទួលបានផលល្អ ៕
ដោយ៖សុខ គឹមសៀន

ads banner