មន្ត្រីការិយាល័យចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង ចុះអប់រំណែនាំដល់ម្ចាស់ជលយានយន្តគ្រប់ប្រភេទអំពីការបើកបរ
កំពង់ឆ្នាំង៖លោក ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយមានការចង្អុលណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតម្រង់ទិសផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះល្បាតត្រួត ពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំដល់ម្ចាស់ជលយានយន្ត ដែលធ្វើចរាចរណ៍ផ្លូវទឹក នៅភូមិកណ្ដាល ភូមិចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ទៅរៀងរាល់ថ្ងៃ។

លោកបន្តថា ត្រឹមសប្តាហ៍ទី៣ ក្នុងខែតុលាឆ្នាំ២០២៥នេះកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចុះអប់រំណែនាំដល់ម្ចាស់ ជលយានយន្តគ្រប់ប្រភេទបានចំនួន ៥១ គ្រឿង ។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែតុលាបានណែនាំអប់រំដល់ម្ចាស់ជលយានយន្តគ្រប់ប្រភេទបានចំនួន ១២ គ្រឿងទៀត នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ចំពោះខ្លឹមសារអប់រំណែនាំគឺ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង,ហាមក្មេងមិនទាន់គ្រប់អាយុ១៥ឆ្នាំបើកបរ ,មិនត្រូវបើកបរជលយានយន្តល្បឿនលឿនហួសកំណត់ ក្នុងទីប្រជុំជន ,ជលយាន យន្តធ្វើចរាចរណ៍តាមផ្លូវទឹក ត្រូវបើកបរប្រកាន់ស្ដាំជានិច្ច , គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វា ភ្លើងបំភ្លឺនៅពេលយប់ , មិនត្រូវដាក់សម្ភារៈឬទំនិញផ្សេងៗនិងមនុស្សលើសចំណុះឡើយ ។

មុនពេលធ្វើដំណើរម្ចាស់កាណូតឬជលយានយន្តគ្រប់ប្រភេទ ត្រូវមានឧបករណ៍សង្គ្រោះដូចជាអាវពោងសង្គ្រោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គិភ័យ និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពជានិច្ចរាល់ពេលធ្វើដំណើរតាមផ្លូវទឹក៕
ដោយ៖សុខ គឹមសៀន

