សេចក្តីប្រកាសរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះបរមរតនកោដ្ឋ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧
ការចាប់ផ្តើមចរចាដំបូងគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់ តាដឺន័រ ប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន។ សេចក្តីប្រកាសរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ បានសរសេរថា៖ «ដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈ មធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានជួបចរចាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។ នៅក្នុងអំឡុង ពេលនៃជំនួបជាប្រវត្តិសាស្ត្រនេះ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដូចខាងក្រោម៖
១៖ ជម្លោះកម្ពុជាចាំបាច់ត្រូវឆ្លងតាមរយៈដំណោះស្រាយនយោបាយមួយ។
ទី២៖ បញ្ហាកម្ពុជា ចាំបាច់ត្រូវដឡស្រាយដោយប្រជាជន កម្ពុជាខ្លួនឯងតាមរយៈការចរចារវាងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះ ដើម្បីបញ្ចប់សង្គ្រាម ការបង្ហូរឈាម និងដើម្បី កសាងឡើងវិញនូវកម្ពុជាមួយដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ បូរណភាពដែនដី អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។
ទី៣៖ នៅពេលដែលកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចឡើងរវាងភាគីកម្ពុជាទាំងអស់ សន្និសីទអន្តរជាតិមួយនឹងត្រូវរៀបចំឡើងដើម្បីធានាកិច្ចព្រមព្រៀងនេះ ធានានូវឯករាជ្យភាពរបស់កម្ពុជា ធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ទី៤៖ ភាគីទាំងពីរ បានទទួលយកនូវការជួបប្រជុំគ្នាសាជាថ្មីនៅក្នុងអំឡុងខែមករា ឆ្នាំ ១៩៨៨ នៅអង់តាហ្វែរដឺន័រ ប្រទេសបារាំង។ ភាគីទាំងពីរក៏បានយល់ព្រមគ្នាផងដែរ ក្នុងការជួប គ្នាលើកទី៣ នៅរាជវាំង ឆាងស៊ូអ៊ុន របស់សម្តេចព្រះ នរោត្តម សីហនុ នីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលកាលបរិច្ឆេទនឹងត្រូវសម្រេច នៅពេលក្រោយ។ នៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានលើកឡើងនេះ ហើយនៅក្នុងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិកម្ពុជា ភាគីទាំងពីរអញ្ជើញភាគីកម្ពុជា ផ្សេងទៀតចូលរួម ជាមួយខ្លួននៅក្នុងតុចរចាដើម្បីឈានទៅដល់ដំណោះស្រាយឆាប់រហ័សមួយលើបញ្ហាកម្ពុជា ដែលនឹងចូលរួមក្នុងការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការចារចាសីហនុ-ហ៊ុន សែន លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅសាំងហ្សែម៉ាំង អង់ឡេ (Saint-Germain-en-laye) ប្រទេសបារាំង។
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោហ៊ុនសែន #សម្តេចព្រះបរមរតនកោដ្ឋ
