ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកម្មវិធី SICW និង AMCC លើកទី១០ នៅប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរី: នៅថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី 10th Singapore International Cyber Week (SICW) និងកម្មវិធី 10th ASEAN Ministerial Conference on Cybersecurity ( AMCC) រៀបចំឡើងដោយ ទីភ្នាក់ងារសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី ដែលមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រី អ្នករៀបចំគោលនយោបាយ អ្នកជំនាញបច្ចេកទេស សហគ្រិនឌីជីថល អ្នកស្រាវជ្រាវ និងសង្គមស៊ីវិល មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីគោលនយោបាយ និងការគ្រប់គ្រងដំណើរការប្រតិបត្តិការសន្តិសុខសាយប័រ និងការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ។

ឆ្លៀតក្នុងឱកាសនៃកិច្ចពិភាក្សាកម្រិតខ្ពស់ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ផ្តោតលើការទប់ស្កាត់ការគំរាមកំហែងសន្តិសុខសាយប័រក្នុងសម័យបញ្ញាសិប្បនិម្មិត (AI) និងភាពធន់នៃអ៊ីនធឺណិតនៃវត្ថុ (IoT) ស្របពេលដែលកម្ពុជាបាននឹងកំពុងរៀបចំច្បាប់ស្តីពីសន្តិសុខសាយប័រ។ ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (CII) និងការពង្រឹងប្រតិបត្តិការការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រជាតិ (National CERT) គឺជាយន្តសំខាន់ និងអាទិភាពដែលច្បាប់នឹងត្រូវអនុវត្តនាពេលខាងមុខ។ បន្ថែមលើការអនុវត្តច្បាប់សន្តិសុខសាយប័រ កម្ពុជាក៏មានការគាំទ្រលើកិច្ចការងារជាអាទិភាពសំខាន់ចំនួន ៥ ដើម្បីពង្រឹងសន្តិសុខសាយប័រក្នុងតំបន់រួមមាន ៖ (១). សម្របសម្រួលយន្តការសាយប័រអាស៊ាន តាមរយៈ ASEAN Cyber-CC និង CERT, (២). បង្កើនកិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មស្តង់ដាសន្តិសុខសាយប័រតាមវិស័យ, (៣). ចូលរួមដោះស្រាយការគំរាមកំហែងសន្តិសុខសាយប័រដែលកំពុងកើតមានឡើងដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ, (៤). ការអនុវត្តច្បាប់សាយប័រ និងការកសាងធនធានមនុស្សសាយប័រ, និង(៥)ជំរុញភាពជាដៃគូររវាងរាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីកសាងប្រព័ន្ធអេកូឌីជីថលឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងគួរឱ្យទុកចិត្តបាន។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា សន្តិសុខសាយប័រមិនគួរត្រូវបានមើលឃើញថាជាឧបសគ្គនៃដំណើរការអភិវឌ្ឍន៍ទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការជំរុញនវានុវត្តន៍ ទំនុកចិត្ត និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ដោយ៖ង៉ាន់ ទិត្យ





