សិង្ហបុរី ព្រមានថា អាស៊ានប្រឈមនឹងការបាត់បង់ភាពជឿជាក់ ប្រសិនបើបរាជ័យក្នុងការរួបរួមគ្នា

សិង្ហបុរី ៖ «អាស៊ានត្រូវតែឈររួមគ្នាជាធ្លុងតែមួយ នៅក្នុងពិភពលោក ដែលមិនប្រាកដប្រជា បើមិនដូច្នេះទេ នឹងមានហានិភ័យ បាត់បង់ភាពជឿជាក់ នៅលើឆាកអន្តរជាតិ» នេះគឺជាការព្រមាន របស់ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃចន្ទនេះ។

ថ្លែងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅម៉ាឡេស៊ី លោក Lawrence Wong បាននិយាយថា អាស៊ានត្រូវតែការពារ ភាពជាកណ្តាលរបស់ខ្លួន និងបង្ហាញពីសមត្ថភាព ក្នុងការដោះស្រាយភាពខុសគ្នា និង រក្សាសន្តិភាព ក្នុងចំណោមសមាជិក។

ជុំវិញការចុះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ លោក Wong បានសរសើរការខិតខំប្រឹងប្រែង របស់ម៉ាឡេស៊ី ក្នុងការស្វែងរកដំណោះស្រាយការទូត និង ស្វាគមន៍ តែទោះបីជាយ៉ាងណា លោកអះអាងថា នេះគឺគ្រាន់តែជាការចាប់ផ្ដើម តែប៉ុណ្ណោះ ដែលទាមទារឲ្យមានការតាមដាន បន្ថែមទៀត។

ជុំវិញបញ្ហា នៅមីយ៉ាន់ម៉ា ដែលស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ និង បង្កឱ្យមានការបះបោរប្រដាប់អាវុធ លោក Wong បាននិយាយថា អាទិភាពបន្ទាន់ គឺការបន្ថយអំពើហិង្សា និង សម្រួលដល់ការងារមនុស្សធម៌ ចូលទៅផ្តល់ជូនដល់ជនស៊ីវិល និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការសន្ទនា។

លោកបានអំពាវនាវឱ្យមានការតែងតាំង បេសកជនពិសេស ដែលមានអាណត្តិច្រើនឆ្នាំ បន្តវេនពីម៉ាឡេស៊ី។ លោក Wong គូសបញ្ជាក់ថា សិង្ហបុរី នឹងបន្តការអនុវត្ត គោលការណ៍ឯកភាព ៥ចំណុច ដែលបានព្រមព្រៀង ដោយអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីសិង្ហបុរី រូបនេះ ក៏បានអំពាវនាវឱ្យ អាស៊ាន ធ្វើបន្ថែមទៀត នៅក្នុងវិស័យ ចំនួនបី ដើម្បីធានាអនាគត របស់ខ្លួន។ ទីមួយ គឺការធ្វើឱ្យសមាហរណកម្មស៊ីជម្រៅ និង ការខិតខំធ្វើឱ្យពន្ធ ធ្លាក់ចុះដល់សូន្យនៅក្នុងតំបន់ពាណិជ្ជកម្មសេរី របស់ប្លុកនេះ។ ទីពីរ ភាពជាដៃគូថ្មី គួរតែត្រូវបានបង្កើតឡើង ដោយលើកឡើងពីចំណាប់អារម្មណ៍ របស់កាណាដា និងសហភាពអឺរ៉ុប ក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ទី៣ លោក Wong បានកត់សម្គាល់ពីតម្រូវការសម្រាប់អាស៊ាន ក្នុងការពង្រឹងភាពធន់របស់ខ្លួន ក្នុងការប្រឈមមុខនឹងការគំរាមកំហែង ដែលកំពុងកើតឡើង។ ក្នុងនោះ រួមបញ្ចូល ទាំងការលើកកម្ពស់ការយល់ដឹង និង ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និង ការបោកប្រាស់តាមអ៊ីនធឺណិត ក៏ដូចជា ការដោះស្រាយបញ្ហាសុខភាពសាធារណៈ ដែលបង្កឡើង ដោយសារបារីអេឡិចត្រូនិច Vaping ដែលឥឡូវនេះ កំពុងផ្លាស់ទីដោយសេរី នៅទូទាំងតំបន់៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner