ផ្សារផលិតផលខ្មែរ ដាំដុះដោយកសិករខេត្តកំពង់ធំ បង្ហាញវត្តមានបីថ្ងៃក្នុងមួយសប្ដាហ៍
កំពង់ធំ៖ការចាប់ផ្តើមមួយបានចេញដំណើរហើយកាលពីពេលថ្មីនៅទីរួមខេត្តកំពង់ធំ។នោះគឺផ្សារផលិតផលខ្មែរ ដែលដំណើរការបីថ្ងៃក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅសួនស្ទឹងសែន ខេត្តកំពង់ធំ។
រដ្ឋបាលខេត្ត ដែលមានមន្ទីរពាណិជ្ជកម្មជាសេនាធិការ និងការគាំទ្រពីក្រសួងពាណិជ្ជកម្ម បានបន្តដំណើរការលក់ផលិតផលខ្មែរនិងកសិផលក្នុងស្រុក ដោយមានការចូលរួមសកម្មពីកសិករដែលជាអ្នកផលិត។
តាមពិតទៅសកម្មភាពលក់ផលិតផលខ្មែរ ត្រូវបានរៀបចំក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្មដែលបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ២០១៩មកម៉្លេះ ដោយមានការសម្របសម្រួលជិតស្និទ្ធពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។ គម្រោងនេះមានគោលបំណងជំរុញឱ្យកសិករ និងអាជីវករខ្នាតតូចមានឱកាសចូលរួមលក់ផលិតផលដាំដុះ កែច្នៃ និងផលិតដោយខ្លួនឯង ទៅកាន់ទីផ្សារដែលមានសុវត្ថិភាព និងទំនុកចិត្តពីអ្នកប្រើប្រាស់។
បច្ចុប្បន្នផ្សារផលិតផលខ្មែរ នៅសួនស្ទឹងសែនក្លាយជាកន្លែងសម្រាប់លក់ផលិតផលសុវត្ថិភាព ផលិតផលសិរីរាង្គ ដែលមិនប៉ះពាល់ដល់សុខភាព និងជួយបង្កើនប្រាក់ចំណូលកសិករ។
មន្រ្តីរដ្ឋបាលខេត្តបានអំពាវនាវសូមចូលរួមគាំទ្រផលិតផលខ្មែរ ។ការគាំទ្រគឺជាការរួមចំណែកសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចសង្គមឱ្យរីកចម្រើនកាន់តែប្រសើរ។ពិសេស លើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
ដោយ៖ប៊ុនរដ្ឋា





