រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព
(ប្រទេសហុងគ្រី)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្ដម ឡាស្លូ កូវឺរ បានវាយតម្តៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងឱកាសនេះ។
សម្តេចរដ្ឋសភាធិបតី ជាប្រធានរដ្ឋសភាកម្ពុជាដំបូងគេ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅហុងគ្រី ខណៈកាលពីឆ្នាំ២០១៥ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនឯកឧត្តម ប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូរដ្ឋភាកម្ពុជា យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចបានលើកឡើងថា កម្ពុជា និងហុងគ្រី ជាមិត្តដ៏ល្អស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ហុងគ្រីជាមិត្តដ៏ល្អរបស់កម្ពុជាឆ្លងទ្វីប។ ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទាំងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអ៉រ៉ុប ថែមទៀតផង។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនបានកាត់ផ្តាច់ពីការគាំទ្ររបស់ហុងគ្រីបានឡើយ។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រីនៅក្នុងនោះមានការផ្តល់ប័ណ្ណក្នុងការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដល់និស្សិតកម្ពុជា ជាដើម ៕








ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ