កាកបាទក្រហមកម្ពុជា ទទួលបានការឧបត្ថម្ភ ៥០.០០០ ដុល្លារ ពីក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED

(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងទទួលអំណោយថវិកាចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) ពីក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED ដឹកនាំដោយ Ms. EzrailaMohamd Isa, Chief Operating Officer Renewable Energy និងសហការី ដែលជំនួបនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារទី២៨ ខែតុលា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

បើតាមការឱ្យដឹងពីលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED ដែលមាន Ms. EzrailaMohamd Isa បានជម្រាបជូនអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន គឺជាប្រតិបត្តិករចែកចាយបណ្តាញអគ្គិសនីកកើតឡើងវិញ ដែលមានទីតាំងនៅខេត្តកំពង់ចាម ព្រះសីហនុ ក្រចេះ ។ ហើយឆ្នាំនេះ កម្ពុជាមានបញ្ហាជម្លោះនៅតាមព្រំដែន ដែលធ្វើឱ្យមានប្រជាជនភៀសសឹកជាច្រើនពាន់នាក់ ជាពិសេសនៅខេត្តព្រះវិហារ សព្វថ្ងៃនេះនៅមានច្រើននៅឡើយ នៅតាមមណ្ឌលភៀសសឹក ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយកត្តាមួយចំនួនរួមមាន បញ្ហាគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាធាតុពុលជាដើម ។ ហើយឆ្នាំនេះជាលើកទី១៦ហើយដែលក្រុមហ៊ុនបានឧបត្ថម្ភ មកកាកបាទក្រហមកម្ពុជា ដែលឆ្នាំនេះមានលក្ខណៈពិសេសមួយត្រង់ក្រុមហ៊ុនបាន ឧបត្ថម្ភថវិកា ៥០.០០០ដល្លារ សម្រាប់ជួយដល់ជនភៀសសឹក។

ជាមួយគ្នានេះ ក្រុមហ៊ុនតែងតែតាមដានយកចិត្តទុកដាក់អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ជនភៀសសឹកកន្លងមក។ ក្នុងនោះក្រៅពីសកម្មភាពជួយដល់ជនភៀសសឹក ក្រុមហ៊ុនក៏មានការចាប់អារម្មណ៍អំពីសកម្មភាពផ្សេងៗទៀតរបស់កាកបាទក្រហមកម្ពុជា ពិសេសប្តេជ្ញាបន្តជួយគាំទ្រផ្នែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីបញ្ហាជម្លោះនៅតាមព្រំដែន។

ក្នុងនោះដែរតំណាងក្រុមហ៊ុន CAMBODIAN TRANSMISSION LIMITED បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុនបានចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយមានការសប្បាយចិត្តបានធ្វើជាមួយកាកបាទក្រហមកម្ពុជាប្រកបដោយការជឿជាក់។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន,លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះកាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមកដល់សព្វថ្ងៃ ហើយសង្ឃឹមថាក្រុមហ៊ុននឹងបន្តកិច្ចសហប្រតិបត្តិការជាយូរអង្វែងតទៅទៀតជាមួយកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះលោកជំទាវបានជម្រាបជូនអំពីសកម្មភាពជាច្រើនរបស់កាកបាទក្រហមកម្ពុជា ទាក់ទងកាកបាទក្រហមកម្ពុជាមានសាខាគ្រប់រាជធានីខេត្តទាំងអស់ មានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមានសកម្មភាពជាច្រើនដូចជាចុះអប់រំអំពីមីន ការងារស្តារទំនាក់ទំនងគ្រួសារ ជាពិសេសកាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានយកចិត្តទុកដាក់ពីសុខទុក្ខនិងការបញ្ជូនសារដំណឹងគ្រួសារកាកបាទក្រហម ជូនដល់គ្រួសារយុទ្ធជនទាំង១៨រូបផងដែរ។

លោកជំទាវ បានសំណូមពរដល់ក្រុមហ៊ុនធ្វើការងារពាក់ព័ន្ធទៅលើការងារអប់រំសុខភាព អនាម័យបរិស្ថាន តាមរយៈការសហការជាមួយបណ្តាសាខាខេត្តគោលដៅមួយចំនួនតាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់ថវិកាដែលទទួលបាននាឱកាសនេះ ឱ្យចំគោលដៅដែលមានតម្រូវការឱ្យជួយពិតប្រាកដ ជាពិសេសជួយដល់បងប្អូនជនភៀសសឹកនៅតាមព្រំដែន៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner