ចិនថ្កោលទោសការប្រើ “ច្បាប់ព្រៃ” ក្នុងសង្គ្រាមពាណិជ្ជកម្ម

គូឡាឡាំពួរ ៖ មុនពេលលោក ត្រាំ ជួបលោក ស៊ី នៅកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីចិន លោក Li Qiang ឆ្លៀតប្រកាសថ្កោលទោស និងរិះគន់ចំៗចំពោះគោលនយោបាយឯកតោភាគីនិយម ដោយលោកបានព្រមានថា ពិភពលោកមិនគួរវិលទៅរកច្បាប់ព្រៃ នៅពេលមានសង្គ្រាមពាណិជ្ជកម្មនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

ការព្រមានខ្លាំងៗបែបនេះរបស់លោកនាយករដ្ឋមន្រ្តី Li ធ្វើឡើងនៅឯកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទ ដោយលោកចង់សំដៅដល់ការដំឡើងពន្ធគយបង្កឡើងពីស្នាដៃលោកប្រធានាធិបតីអាមេរិក Donald Trump ទម្លាក់លើបណ្តាប្រទេសជាច្រើន រួមទាំងចិន ដែលធ្វើឱ្យរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងទីផ្សារដែលកំពុងរីកចម្រើន។

លោកនាយករដ្ឋមន្រ្តីចិន Li Qiang បាននិយាយយ៉ាងដូច្នេះថា សកលភាវូបនីយកម្មសេដ្ឋកិច្ច និងពហុប៉ូល គឺមិនអាចខ្វះបានទេ។ ដូច្នេះពិភពលោកមិនគួរវិលទៅរកច្បាប់ព្រៃ ដែលជាច្បាប់ប្រទេសខ្លាំងតែងតែសម្លុតគំរាមប្រទេសទន់ខ្សោយឡើយ។

មេដឹកនាំចិនមានវ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា គោលនយោបាយឯកតោភាគីនិយម និងលទ្ធិគាំពារនិយម បានឆាបឆេះរីករាលដាល ហើយបង្កហានិភ័យដ៏ធំដល់តំបន់។ ដូច្នេះហើយ លោកអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការប្តេជ្ញាចិត្តខ្លាំងឡើង ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរីរបស់ពិភពលោក។

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី Li ធ្វើឡើងមុនពេលមេដឹកនាំអាមេរិក លោក Donald Trump ជួបតទល់ផ្ទាល់ជាមួយលោកប្រធានាធិបតីចិន Xi jinping នៅក្នុងថ្ងៃទី៣០ ខែតុលា នៅប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងសម្រេចកិច្ចព្រមព្រៀងមួយ ដែលនឹងជួយបិទបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner