អាជ្ញាធរចុះបិទទីសត្តឃាតមួយកន្លែង ដោយ​ទុកពេលពីរសប្តាហ៍ដើម្បីបន្តច្បាប់និងប្តូរទីតាំង

បន្ទាយមានជ័យ៖ទីសត្តឃាតមួយកន្លែងរបស់លោក ផាន់ ដារ៉ារិទ្ធ នៅភូមិបាលិលេយ្យមួយ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ត្រូវបានអាជ្ញាធរចុះបិទទី​តាំងនិងទុកពេល​ពីរសប្តាហ៍ដើម្បី​បន្តច្បាប់ និងរុះរើទៅ​កន្លែងថ្មី ។នេះបើតាមការបញ្ជាក់របស់លោក ឃ្លោក នួយ អភិបាលរងខេត្ត​បន្ទាយ
មានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបន្ទាយ​មានជ័យឱ្យដឹងថា ប្រជាពលរដ្ឋបានប្តឹងពីទីសត្តឃាតមួយកន្លែងដាក់នៅកណ្តាលក្រុងប៉ោយប៉ែតខ្វៈអនាម័យ,មានក្លិន ស្អុយភក់ជ្រាំ,សំឡងសត្វជ្រូករាល់យប់ និងបង្ហូរទឹកលើផ្លូវសាធារណៈធ្វើប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងរបស់ប្រជាពលរដ្ឋ,តាមការ​បញ្ជា​ណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត,អាជ្ញាធរមូលដ្ឋាន​និងមន្ត្រីជំបាញបានចុះទៅឃើញថាមានទីសត្តឃាត មួយកន្លែងពិតដូចបណ្តឹងមែន។បន្ទាប់ពីត្រួតពិនិត្យឃើញថា ទីសត្តឃាតនេះមានច្បាប់តែ​ហួសសុពលភាពដែល​ផុតកំណត់តាំងពីឆ្នាំ២០២៤ ។ដោយហេតុនេះអាជ្ញាធរទុកពេលពីរសប្តាហ៍ ឱ្យបន្តច្បាប់ថ្មី​និងរុះរើចេញទៅទីតាំងថ្មីនៅ​ជាយក្រុង នៃសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ដឹងឮពីវិធានការនេះ ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះអាជ្ញាធរក្រុង ខេត្តនិងមន្ត្រីជំនាញ ដែលបានផ្តល់​ដំណោះ​ស្រាយជូនពលរដ្ឋបានទាន់ពេលវេលា៕

ដោយ៖ឃិន គន្ធា

ads banner