វៀតណាមគ្រោងចាយលុយ ៨ ពាន់លានដុល្លារទិញយន្តហោះ Boeing ចំនួន ៥០ គ្រឿង

ហាណូយ ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines គ្រោងជះលុយដល់ទៅ ៨ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចំនួន ៥០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះយក្ស Boeing ជាថ្នូរដែលអាមេរិកបើកទីផ្សារសម្រាប់ទំនិញវៀតណាមជាច្រើនប្រភេទ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។

មិនមានប្រភពបញ្ជាក់លំអិតថាតើយន្តហោះទាំងនោះជាប្រភេទអ្វីនោះទេ ប៉ុន្តែការទិញលក់យន្តហោះនេះ កើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VNExpress, បន្ថែមពីលើការទិញលក់យន្តហោះ ក្រុមហ៊ុនវៀតណាមក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន២០ ជាមួយក្រុមហ៊ុនអាមេរិកផងដែរ ដើម្បីទិញទំនិញកសិកម្មរបស់អាមេរិក ដែលមានតម្លៃសរុបចំនួន ២.៩ពាន់លានដុល្លារ។

បើតាមការអះអាងរបស់សេតវិមាន វៀតណាម-អាមេរិកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងរក្សាពន្ធគយក្នុងកម្រិត ២០% លើទំនិញវៀតណាមភាគច្រើន ប៉ុន្តែនឹងលើកពន្ធគយលើផលិតផលមួយចំនួន ដែលនឹងត្រូវសម្រេចនៅដំណាក់កាលពិភាក្សាចុងក្រោយ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងវៀតណាម សម្រេចបានទឹកប្រាក់ជាង ១២៦.៤ពាន់លានដុល្លារ កើនឡើងប្រមាណ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសវៀតណាម។

ដោយមើលឃើញពីសន្ទុះសេដ្ឋកិច្ចទ្វេភាគីបច្ចុប្បន្ន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប៉ាន់ប្រមាណថា ការនាំចេញទំនិញទៅកាន់អាមេរិកអាចនឹងសម្រេចបានប្រាក់ចំណូលចន្លោះពី ១២៥ទៅ១៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេបំផុតទី២ របស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមពីក្រោយសិង្ហបុរី៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner