រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ខេបលទ្ធផលនៃបេសកកម្មសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ
(កណ្តាល)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទួលបន្ទុកកិច្ចការអាស៊ាន ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានសង្ខេបអំពីលទ្ធផលនៃបេសកកម្មរវស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូមរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
តាមរយៈសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងថា នៅក្នុងប្រជុំកំពូលអាស៊ាន គឺពិធីប្រគល់មីពាន់រង្វាន់របស់អាស៊ានតេមួយគត់ ដែលក្នុងនោះដល់សហភាពសងហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ត្រូវបានជ្រើសរើសជាជ័យលាភីទទួលពានរង្វាន់អាស៊ាន ឆ្នាំ២០២៥។ នេះជាកិត្តិយសយ៉ាងខ្លាំង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានលះបង់សម្រាប់បុព្វហេតុនៅក្នុងសមាគមអាស៊ាន។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាជាប្រវត្តិសាស្ត្របញ្ចូលប្រទេសទីម័រឡេស្ត ក្លាយជាសមាជិកទី១១ ផ្លូវការរបស់អាស៊ាន។ ចំពោះករណីនេះ ក៏ជាការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ចុះបញ្ចូលរហូតធ្វើឱ្យប្រទេសទីម័រ បានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ។
ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានបន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ បានដំណើរការសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាអំពីការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅសម្រេចឱ្យបានសមាគមន៍ប្រកបដោយភាពធន់ នវានុវត្តន៍ បរិយាបន្ន និងផ្តោតទៅលើប្រជាជនស្នូល ស្របទៅតាមចក្ខុវិស័យសមាគមន៍អាស៊ានឆ្នាំ២០៤៥ ក្រោមប្រធានបទ អនាគតរួមគ្នារបស់យើង។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានពិភាក្សាគ្នា ទៅលើមធ្យោបាយ ដើម្បីពង្រឹងមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាការឯកភាពអាស៊ាន ស្របទៅនឹងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។
នៅចំពោះមុខបរិបទនៃការវិវត្តន៍ភូមិសាស្រ្តនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន, ត្រូវបានឯកឧត្តមបណ្ឌិត បានសង្ខេបថា ថ្នាក់ដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់នូវសារៈសំខាន់ នៃតួនាទីនាំមុខរបស់អាស៊ាន និម្មានកម្មតំបន់ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអាស៊ាន ក៏បានធ្វើជាសាក្សីការប្រគល់ពិធីសារទី២ ស្តីពីការធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀតលើកទី៤៧ ដោយបានពិភាក្សាអំពីស្ថានភាពដែលជាក្តីកង្វល់រួមរបស់អាស៊ាន ។
ឯកឧត្តមបណ្ឌិត បានបន្តថា ក្នុងនាមប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះកិច្ចការខិតខំប្រឹងប្រែងដោយផ្ទាល់ និងការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា និងថៃ អាចដោះស្រាយជម្លោះដោយសន្តិវិធី ជាពិសេសតួនាទីមិនអាចខ្វះបានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកចុះកិច្ចព្រមព្រៀងបទឈប់បាញរវាងប្រទេសទាំងពីរ ព្រមទាំងអស់គុណដល់ថ្នាក់ដឹកនាំជាសមាជិកអាស៊ាន ដែលបានចូលរួមវិភាគទាន បញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (IOT) ចូលរួមសង្កេតការណ៍ ផ្ទៀងផ្ទាត់បទឈប់បាញ់រវាងកងទ័ពទាំងពីរផងដែរ ។
ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងការចូលរួមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រហូតឈានទៅដល់ការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ រវាងកម្ពុជា និងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួល ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម។
ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីអាទិភាពចំនួន៣ ចំពោះមុខ សម្រាប់អាស៊ាន គឺទី១៖ ត្រូវធ្វើសមាហរណកម្ម នៅក្នុងតំបន់ឱ្យកាន់តែស៉ីជម្រៅ គ្រប់ទិដ្ឋភាពទាំងអស់, ទី២៖ ត្រូវទាញយកសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចឌីជីថល ដែលត្រូវព្យាករណ៍ថានឹងអាចថាមានទំហំដល់ ២ទ្រីលានដុល្លារ សម្រាប់ GDP នៅឆ្នាំ២០៣០ ដើម្បីចាប់ឱកាសនេះអាស៊ាន កំពុងខិតខំដើម្បីសម្រេចរៀបចំ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងទី៣៖ កំណើនរបស់អាស៊ាន ត្រូវតែមានចីរភាព និងរបៀបវារៈបៃតង ។
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើសកម្មភាពយ៉ាងពេញទំហឹង ពោលគឺដូចរត់ម៉ារ៉ាតុង ការទូត គ្មានពេលទំនេរ គឺធ្វើដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មជូនជាតិ លើវិស័យការទូត ។ ដោយក្នុងនោះ សម្តេចបានចូលរួមក្នុងកិច្ចប្រជុំចំនួន ១៨អង្គប្រជុំ និងមានជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ឥស្សរជនសំខាន់ៗចំនួន ១៥រូបថែមទៀត។ ដូច្នេះ សម្រាប់ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៉ី គឺជាទំហំធំធេងសម្រាប់នាំមកនូវកិត្តិយស និងសន្តិភាពជូនមាតុភូមិកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ