ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើសុំនាំចូលគ្រឿងអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីបំពេញបន្ថែមដល់គម្រោងរោងចក្រកែច្នៃឡើងវិញ

(ភ្នំពេ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើបង្កើតរោងចក្រកែច្នៃឡើងវិញ នូវបរិក្ខារអេឡិចត្រូនិក និង អគ្គិសនី ដែលប្រើប្រាស់រួច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានស៊ីណូ មេធលលីក មេធៀរៀល នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គម្រោងរោងចក្រកែច្នៃឡើងវិញនេះ មានផែនការប្រមូលវត្ថុធាតុដើម ជាសម្ភារៈអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីធ្វើការកែច្នៃឡើងវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបំបែក ញែក និង ធ្វើប្រព្រឹត្តកម្ម ដើម្បីអាចទាញយកលោហៈ និង វត្ថុនានា ដូចជា មាស ប្រាក់ ទង់ដែង ស្ពាន់ សំណប៉ាហាំង ជាដើម សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម ។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ ដល់បរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់នានា ដោយសារការកែច្នៃ ដែលគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និង ដែលទុកចោល ដោយគ្មានការគ្រប់គ្រង និង គ្មានការរក្សាទុកត្រឹមត្រូវ ព្រមទាំងអាចបង្កើតការងារ ប្រាក់ចំណូល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង ការបង្កើតលោហៈមានតម្លៃថ្មីបន្ថែម ជំនួសឱ្យការជីកយកលោហៈធាតុពីធនធានធម្មជាតិ ។

អង្គប្រជុំ បានគាំទ្រគម្រោងនេះ និង យល់ស្របគ្នាថា ការអនុវត្តគម្រោងនេះ ត្រូវគោរព និង អនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន, ជាពិសេស ត្រូវគ្រប់គ្រងបរិស្ថានឱ្យបានល្អជាទីបំផុត ។

ជាមួយនេះ, អង្គប្រជុំ បានពិនិត្យលើទិដ្ឋភាពច្បាប់ និង បច្ចេកទេស សំដៅធានាថា គម្រោងនេះអាចអនុវត្តបាន ដោយមានការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និង ខ្សែច្រវាក់ផលិតកម្មឱ្យបានម៉ត់ចត់, ជាពិសេស ការគ្រប់គ្រងការប្រមូលបរិក្ខារ ការបំបែក ការញែក និង ការធ្វើប្រព្រឹត្តកម្ម ក្នុងនោះត្រូវមានការសិក្សាពីផលប៉ះពាល់បរិស្ថានជាមុន ដោយមានការឯកភាពពីក្រសួងបរិស្ថាន និង ការអនុញ្ញាតពីរាជរដ្ឋាភិបាល ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner