អតីតយុទ្ធជនពិការដោយសារសង្គ្រាមម្នាក់នៅ ស្រុកប្រាសាទសំបូរ បានទទួលផ្ទះថ្មីពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោកឃឹម សុខឃៀង ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទសំបូរ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលបានសាងសង់លើដីកម្មសិទ្ធិរបស់អតីតយុទ្ធជនពិការ ។កន្លងមកអតីតយុទ្ធជនរូបនេះមានតែដី តែមានជម្រករស់នៅមិនសមរម្យ នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោក ពៅ លីវ អាយុ ៦៨ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ អង្គភាពវរសេនាតូចលេខ៥ យោធាខេត្តកំពង់ធំ ត្រូវរបួសនៅ សមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ នៅឆ្នាំ១៩៩៧ បណ្តាលឲ្យពិឍការជេីងខាងស្តាំ ។ភរិយាឈ្មោះ ឡុង ឃីម អាយុ ៦៣ឆ្នាំ មានកូន និងចៅ៤នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស័ង្កសី មុខរបរធ្វើស្រែ មានជីវភាពលំបាកខ្វះខាតដោយសារមានជំងប្រចាំកាយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ផងដែរថា ផ្ទះបានសាងសង់មានទំហំ ៥ម៉ែត្រ គុណនិងង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ និងតសំយ៉ាបផ្ទះបាយ៣ម៉ែត្រ មានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ទុកជាចំណងដៃរួមទាំង ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងអគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតដែលបានផ្ដល់ផ្ទះមួយខ្នងថ្មីទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាក៕
ដោយ :ប៊ុន រដ្ឋា