ប៉ាគីស្ថាន ថា កិច្ចចរចាសន្តិភាព ជាមួយអាហ្វហ្គានីស្ថាន ‘បរាជ័យ’
អ៊ីស្តង់ប៊ុល ៖ ប្រទេសប៉ាគីស្ថាន បាននិយាយ នៅថ្ងៃពុធនេះថា កិច្ចចរចាសន្តិភាព ជាមួយអាហ្វហ្គានីស្ថានបានបរាជ័យ ជាការប៉ះពាល់ខ្លាំងដល់ក្តីសង្ឃឹម សម្រាប់បទឈប់បាញ់ យូរអង្វែង បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែន ដ៏សាហាវបំផុត របស់អ្នកជិតខាងនៅអាស៊ីខាងត្បូង មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ។
អំពើហិង្សា ដែលបានសម្លាប់មនុស្ស ជាង ៧០នាក់ និងរបួសរាប់រយនាក់ បានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារដំបូង នៅទីក្រុងកាប៊ុល កាលពីថ្ងៃទី ៩ ខែតុលា ដែលអាជ្ញាធរតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានស្តីបន្ទោស ទៅលើប៉ាគីស្ថាន។
ភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុង អ៊ីស្តង់ប៊ុល រយៈពេលបួនថ្ងៃ ក្នុងគោលបំណងធានាសន្តិភាព ដែលសម្របសម្រួល ដោយប្រទេសកាតា និងទួកគី។ តែ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយ បន្ទាប់ពីការចរចាថា «គួរឱ្យសោកស្ដាយ ភាគីអាហ្វហ្គានីស្ថានមិនបានផ្តល់ការធានា រក្សាគម្លាត ពីបញ្ហាស្នូល ហើយបានងាកទៅរកការស្តីបន្ទោស ការបង្វែរ និង រឿងប្រឌិត…ដូច្នេះ ការសន្ទនាមិនអាចនាំមកនូវដំណោះស្រាយ ដែលអាចធ្វើការបាន»
លោក Tarar បាននិយាយថា ប៉ាគីស្ថានបានភ្ជាប់ ជាមួយអាហ្វហ្គានីស្ថាន ក្នុងស្មារតីសន្តិភាព ប៉ុន្តែបានចោទប្រកាន់ក្រុងកាប៊ុល ពី “ការគាំទ្រឥតឈប់ឈរ ចំពោះពួកភេរវករប្រឆាំងប៉ាគីស្ថាន”។
លោកបានបន្ថែមថា “យើងនឹងបន្តចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដែលចាំបាច់ដើម្បីការពារប្រជាជនរបស់យើង ពីគ្រោះមហន្តរាយ នៃ អំពើភេរវកម្ម” ។
យ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអាហ្វហ្គានីស្ថានទេ។ តែ លោក Abdul Mateen Qani អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន Ariana News កាលពីថ្ងៃអង្គារថា ការវាយប្រហារណាមួយ នឹងត្រូវបានឆ្លើយតប។ ទំនាក់ទំនងអតីត សម្ព័ន្ធមិត្ត មានព្រំដែន ចម្ងាយ 2,600 គីឡូម៉ែត្រជាមួយគ្នា បានផ្ទុះឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការចោទប្រកាន់ពីទីក្រុងអ៊ីស្លាម៉ាបាដថា អាហ្វហ្គានីស្ថាន កាន់កាប់ក្រុមសកម្មប្រយុទ្ធ ដែលធ្វើការវាយប្រហារ នៅក្នុងបប្រទេសប៉ាគីស្ថាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត