កំណាត់ផ្លូវជាតិលេខ៩២ខេត្តព្រះវិហារ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ទទួលបានការជួសជុល
ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩២ គឺជាកំណាត់ផ្លូវមួយខ្សែដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រុកឆែប ខេត្តព្រះវិហា ក្នុងការធ្វើដំណើរ ,ការដឹកជញ្ជូនកសិផលនានាមកកាន់ទីប្រជុំជនផ្សារក្នុងស្រុក ។កំណាត់ផ្លូវនេះក៏ជាកំណាត់ផ្លូវទេសចរណ៍ផងដែរ។
ក្រោយការជន់លិច និងរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា កំណាត់ផ្លូវជាតិលេខ៩២ បានរងការខូចខាតដោយអន្លើៗ។សម្រួលឡើងវិញនូវស្ថានភាពខូចខាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានចាត់ក្រុមមន្ត្រីជំនាញ នាំយកគ្រឿងចក្រចុះជួសជុលកំណាត់ផ្លូវនេះឡើងវិញ។
សកម្មភាពជួសជុលកំណាត់ផ្លូវជាតិលេខ ៩២ប្រព្រឹត្តទៅក្នុងភូមិសាស្ត្រស្រុកឆែប ដោយធ្វើការកៀរសម្រួល ថែមដីល្បាយថ្ម និងកិនបង្ហាប់តាមបច្ចេកទេសត្រង់ចន្លោះគ.ម ៥៥+០០០ ដល់ គ.ម ៧១+០០០ ដែលជាផ្នែកមួយនៃផែនការថែទាំផ្លូវជាប្រចាំដើម្បីធានាថា ផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង។
លោកប្រធានមន្ទីរសាធារណការខេត្តបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវដែលមានសារៈសំខាន់ខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងមានភាពងាយស្រួលធ្វើដំណើរទៅកាន់ រមណីយដ្ឋានតំបន់ទេសចរណ៍បានយ៉ាងឆាប់រហ័ស ។ជាផ្លូវរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងជំរុញកំណើន
សេដ្ឋកិច្ច៕
ដោយៈឡុង សំបូរ





