ក្រសួងវប្បធម៌ និង វិចិត្រសីល្បៈ រៀបចំកម្មវិធីបិទកម្មវិធីបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ក្រោយបានដំណើរការរយៈពេលជាង ៣ខែ

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ កម្មវិធីបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ឆ្នាំ២០២៥ (Cambodia Film Lab) បានបិទបញ្ចប់ដោយជោគជ័យ ក្រោយពីបានដំណើរការរយៈពេលជាង ៣ខែ រួមមក ។ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ជារៀងរាល់ឆ្នាំ និងនៅឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៨ ហើយ ក្នុងគោលបំណង ដើម្បីបង្កើន និងលើកកំពស់ធនធានមនុស្សក្នុងវិស័យភាពយន្តកម្ពុជា ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ក្នុងការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់កម្ពុជា តាមរយៈខ្សែភាពយន្ត សម្រាប់ជាតិ និងអន្តរជាតិ ឲ្យបានស្គាល់ និងជ្រួតជ្រាបអំពីកម្ពុជា ។

កម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញភាពយន្តខ្លីនេះ ត្រូវក្រសួងវប្បធម៌ និងវិចិត្រសីល្បៈរៀបចំធ្វើឡើង នៅពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួង និងអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូសហការឧបត្ថម្ភ លោកគ្រូអ្នកគ្រូឧទ្ទេស សិក្ខាកាម និងយុវជនដែលស្រលាញ់វិស័យសីល្បៈយ៉ាងច្រើនកុះករ នៅរោងភាពយន្តលេជេន សាខា Exchange Square ក្នុងរាជធានីភ្នំពេញ ។

សិក្ខាកាមចំនួន ៣៣រូប ត្រូវបានជ្រើសរើសចេញពីចំនួន ១៦៧រូប ដែលបានដាក់ពាក្យចូលរួម ត្រូវបានទទួលវិញ្ញាបនប័ត្របញ្ជាក់សិក្សា និងស្នាដៃភាពយន្តខ្លីចំនួន ២ចំណង ដែលផលិតដោយសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលនាឆ្នាំនេះ ក៏ត្រូវបានចាក់បញ្ចាំងនៅក្នុងរាត្រីនោះផងដែរ ។

កម្មវិធីបណ្តុះបណ្តាលជំនាញភាពយន្តខ្លីនេះ បានសហការរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាមួយនឹង Cine-Hub និង Cine-Studio ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូសហការជាច្រើន ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលបានសម្របសម្រួល និងឧបត្ថម្ភដល់ដំណើរការថតស្នាដៃភាពយន្តទាំង២ចំណងជើងនេះ នៅលើទឹកនៃខេត្តកំពត ។ មន្រ្តីអ្នករៀបចំបានឲ្យដឹងថា ការជ្រើសរើសខេត្តកំពតសម្រាប់ដំណើរការថតស្នាដៃភាពយន្តនៃវគ្គបណ្តុះបណ្តាល ក៏ដោយសារតែខេត្តជាប់មាត់សមុទ្រមួយនេះ គឺពោពេញដោយសក្តានុពលនៃរមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ និងជាយុទ្ធសាស្រ្តថ្មីមួយក្នុងការផ្សព្វផ្សាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យទៅទស្សនាខេត្តកំពតកាន់តែមានចំនួនច្រើនឡើង ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះ និងអាទិភាព ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស សំដៅរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការពង្រឹង និងពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ ព្រមទាំងលើកស្ទួយឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៕

អត្ថបទ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner