រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា រាជរដ្ឋាភិបាល នឹងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន : ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤) ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ។
សម្ដេចធិបតី បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិតស្របតាម «ស្តង់ដាសាលារៀនគំរូ» ដែលមាន៥ស្តង់ដា ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ ស្តង់ដាសាលារៀនគំរូ។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) បានជំរុញ និងគាំទ្រការអនុវត្តវិធានការគន្លឹះទាំង៤ នៅក្នុងសាលាបឋមសិក្សាគោលដៅចំនួន ១៦១សាលា ដោយផ្តោតលើការបន្ថែមម៉ោងសិក្សា២ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងការរៀនភាសាខ្មែរ ការអាន និងគណិតវិទ្យា ៕





ដោយ ៖ វណ្ណលុក