ឯកឧត្តម វង្សី វិស្សុត ៖ ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុបំផុត ក្នុងតំបន់ប្រឈមនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ហើយការប្រែប្រួលអាកាសធាតុនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពកសិករខ្មែរ និងកំណើតសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ថ្លែងបន្ថែមថា ដោយសារវិស័យកសិកម្មនៅតែជាចំណុចស្នូលនៃសេដ្ឋកិច្ចរបស់យើង ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត គូសបញ្ជាក់ថា ដើម្បីប្រឈមមុខនឹងបញ្ហានេះ ភាគីពាក់ព័ន្ធត្រូវជំរុញពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការអនុវត្តអាជីវកម្មបៃតង និងគោលនយោបាយឆ្លាតវៃខាងអាកាសធាតុ ដើម្បីការពារបេតិកភណ្ឌធម្មជាតិ និងធានាបាននូវអនាគតដ៏រឹងមាំ។

នៅជុំវិញបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាង «ការការពារអាកាសធាតុនិយម» ព្រោះគោលនយោបាយអាកាសធាតុគួរតែលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិនមែនរឹតត្បិតពាណិជ្ជកម្ម ឬការអភិវឌ្ឍនោះទេ។ កម្ពុជាជឿជាក់ថា អនាគតនឹងជាកម្មសិទ្ធិរបស់ប្រទេសដែលចាត់វិធានការជាក់ស្តែង និងក្លាហានឆ្ពោះទៅរកនិរន្តរភាព។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត អះអាងថា ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ ប៉ុន្តែសន្ទុះកំណើនថាមពលបៃតងកំពុងកើនឡើង។ លទ្ធផលនៃ COP29 នៅទីក្រុងបាគូ (ឆ្នាំ 2024) រួមមានវឌ្ឍនភាពលើទីផ្សារកាបូន ការផ្តល់មូលនិធិសម្រាប់ការខាតបង់ឬការខូចខាត និងការចូលរួមពីវិស័យឯកជនបង្ហាញពីការប្តេជ្ញាចិត្តជាសកលឡើងវិញចំពោះគោលដៅអាកាសធាតុ ។

ប្រទេសកម្ពុជា គាំទ្រគំនិតផ្តួចផ្តើមសកលដូចជាកិច្ចព្រមព្រៀងបៃតងអាស៊ាន យន្តការកែតម្រូវព្រំដែនកាបូនរបស់សហភាពអឺរ៉ុប (CBAM) និងថាមពលកកើតឡើងវិញ 100 (RE100)។ កម្ពុជា ចាត់ទុកគំនិតផ្ដួចផ្ដើមទាំងនោះជាឱកាសសម្រាប់ភាពជាដៃគូ និងការកសាងសមត្ថភាព មិនមែនជាឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចនោះទេ។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹងជាង ៦១%, អនុវិស័យផលិតកម្មសត្វជាង ១៥%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើជាង ៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner