ឥណ្ឌាខាតបង់ជាង ៦០០លានដុល្លារដោយសារព្យុះស៊ីក្លូន Montha

ញូវដែលី ៖ ព្យុះស៊ីក្លូនដ៏កំណាចមួយបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ បង្កការខាតបង់ជាង ៦០៣លានដុល្លារ ខណៈដីស្រែចំការ ផ្លូវថ្នល់ និងអគារជាច្រើននៅភាគខាងត្បូងរដ្ឋអាន់ដ្រា ប្រាដេស ត្រូវបានទឹកជំនន់ជន់លិច។ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍។

ព្យុះស៊ីក្លូន Montha ហោះទៅដល់ឆ្នេរសមុទ្ររដ្ឋអាន់ដ្រា ប្រាដេស កាលពីយប់ថ្ងៃអង្គារ ដោយពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង បង្កការបំផ្លិចបំផ្លាញផលដំណាំ ផ្តួលរលំបង្គោលភ្លើង និងដើមឈើ ព្រមទាំងធ្វើឱ្យតំបន់ជាច្រើនលិចលង់ដោយទឹកជំនន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់, ព្យុះស៊ីក្លូន Montha បានឆក់យកជីវិតស្រ្តី២នាក់ និងសត្វពាហនៈប្រហែល ១២០ក្បាលបានងាប់។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើងជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។

នាយកដ្ឋានឧតុនិយមឥណ្ឌាក៏បានឱ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែរថា អំណាចនៃព្យុះស៊ីក្លូន Montha បានថមថយចុះ នៅពេលវាបោកបក់ទៅកាន់តំបន់សម្ពាធទាបក្នុងរយៈពេល២៤ម៉ោង។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូនជារឿយៗតែងវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ចាប់ពីចន្លោះខែមេសា និងខែធ្នូ។ តួយ៉ាង ព្យុះស៊ីក្លូនដ៏កំណាចបំផុតមួយ បានឆក់យកជីវិតមនុស្សជិត ១០,០០០នាក់ នៅពេលដែលវាធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើភាគខាងកើតរដ្ឋអូឌីសា ក្នុងឆ្នាំ១៩៩៩។ គិតមកទល់ពេលនេះ ខ្យល់ព្យុះនៅតែជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយសម្រាប់ប្រទេសឥណ្ឌា៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner