កម្ពុជាដកយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
ភ្នំពេញ៖ កម្ពុជាបានសម្រេចកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ ជាផ្លូវការ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ការកែសម្រួលអាវុធធុនធ្ងន់រួមមាន ៣ប្រភេទ នឹងប្រព្រឹត្តទៅជាដំណាក់កាល ដែលចាប់ផ្តើមដំណើរការ នឹងមានរយៈពេលចំនួន ៣ដំណាក់កាល មានរយៈពេលសរុប ៩សប្តាហ៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រប់ដំណាក់កាលសុទ្ធត្រូវមានអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេត និងផ្ទៀងផ្ទាត់ ដើម្បីធានានូវតម្លាភាព។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ។
ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការពារជាតិ






