ប្រពៃណីបូតស្រូវ ជនជាតិដើមភាគតិច ពូនង នៅតែរក្សារហូតមកដល់ពេលបច្ចុប្បន្ន

(មណ្ឌលគិរី)៖ អស់រយៈកាលដ៏យូរលង់មកហើយការបូតស្រូវ គឺជាប្រពៃណីមួយដ៏សំខាន់សម្រាប់បងប្អូនជនជាតិដើមភាគតិចពូនង (ព្នង) ដែលត្រូវបានប្រើប្រាស់ក្នុងការប្រមូលផលស្រូវទុំរបស់ពួកគេ ។ រហូតមកដល់ពេលបច្ចុប្បន្នប្រពៃណីបូតស្រូវក៏នៅត្រូវបានជនជាតិពូនង អនុវត្តក្នុងការប្រមូលផលស្រូវរបស់ពួកខ្លួនផងដែរ ។

តាមរយៈការប្រមូលផលស្រូវ តាមការបូតស្រូវនេះដែរ អ្នកស្រី ស្រេវ អេត រស់នៅ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបូតស្រូវតាមប្រពៃណីជនជាតិដើមភាគតិចគឺជាវិធីសាស្រ្តមួយដែលរូបអ្នកស្រីបានអនុវត្ត តាមឪពុកម្តាយ ។ វិធីនេះមិនត្រឹមតែងាយស្រួលទេ តែវាក៏ផ្តល់ភាពរហ័សសម្រាប់ការស្រូតកាត់សម្រាប់រូបគាត់ និងក៏ដូចជាអ្នកភូមិ។

ទោះបីយ៉ាងណាក្តីអ្នកស្រីបានប្រាប់ថា វិធីប្រមូលផលស្រូវដោយប្រពៃណីការបូត ត្រូវការចំណាយពេលច្រើនថ្ងៃ ប៉ុន្តែវាជាការរក្សាប្រពៃណីតាំងពីដូនតា ដើម្បីបន្តដល់កូនចៅជំនាន់ក្រោយៗដែលយើងមិនអាចចោលវាបានទេ ។

លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូរ៉ាង បានប្រាប់ឱ្យដឹងថា ៖ ចំពោះមុខរបររបស់បងប្អូនជនជាតិពូនងសព្វថ្ងៃដូចជា ដាំស្រូវ ដាំដំឡូង ចិញ្ចឹមសត្វផ្សេងៗ មានចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមគោ ក្របី ដែលតាមរយៈវិស័យកសិកម្មបុរាណនេះពួកគាត់អាចផ្គត់ផ្គង់ជីវភាព សម្រាប់បន្តការសិក្សារបស់កូនចៅរបស់ពួកគាត់ ។

លោកថា បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីនៅតែបន្ត និងថែរក្សាប្រពៃណីទំនៀមទំលាប់ របស់ពួកគាត់ តាំងពីបុរាណ យូរលង់មកហើយ ដូចជាការដាំដុះដំណាំរួមផ្សំ និងធ្វើស្រែចំការ វិលជុំជាដើម។

លោកបានប្រាប់ថា ការប្រកបរបរដាំស្រូវនៅក្នុងចំការជាទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិចដែលពួកគាត់បានចេះតៗគ្នា។សម្រាប់ទម្លាប់មួយទៀតដែលបងប្អូនជនជាតិភាគតិចមិនអាចចោលបាននោះគឺ មុននឹងគាត់ចាប់ផ្ដើមបុកដាំស្រូវចំការនៅតាមចំណុច និងទីតាំង នីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូរស្លា ស្រាពាង ពូជស្រូវ និងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំ និងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការ នាំគ្នាសុំបួងសួង ដល់អារុក្ខអារក្សអ្នកតា គ្រប់សព្វដើម្បីធ្វើយ៉ាងណាជួយឱ្យពូជស្រូវរបស់គាត់ ទទួលផលបានទិន្នផលច្រើន និង មិនមានសត្វចង្រៃចូលយាយី ។

លោក ជា ផល្លា មន្រ្តីអង្គការ WCS និងជាទីប្រឹក្សាចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច នៃគម្រោងរេដបូកកែវសីម៉ា (REDD+) បានលើកឡើងថា ជនជាតិដើមភាគតិចផ្ដល់ការគោរពខ្ពស់ដល់ព្រលឹងដូនតា និងអារក្ខអ្នកតា ដែលមិនអាចឱ្យនរណាម្នាក់ ធ្វើសកម្មភាពប្រទាំងប្រទើស ទៅនឹងតម្លៃវប្បធម៌របស់ពួកគាត់ទេ។ ការងារនេះ អង្គការ WCS តាមរយៈគម្រោងរេដបូក នឹងជួយជ្រោមជ្រែង លើការកំណត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដល់សហគមន៍ភូមិពូរ៉ាង ឱ្យមានភាពស្របច្បាប់ នៅពេលខាងមុខ។

លោកបានប្រាប់ថា”ជនជាតិដើមភាគតិចពូនង គាត់មានដីតម មានដីកប់សព ដែលមិនអាចឱ្យមានសកម្មភាពអ្វី ឱ្យប្រទាំងប្រទើស ទៅនឹងតម្លៃវប្បធម៌របស់ពួកគាត់បានទេ។ ដូច្នេះយើងនឹងជួយដល់សហគមន៍ភូមិពូរ៉ាង ដើម្បីរៀបចំកំណត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនាពេលខាងមុខ។ មែនទែន ការងារនេះ យើងបញ្ចប់បាន ៤ភូមិរួចមកហើយ»។

គួរបញ្ជាក់ថា ៖ ជនជាតិដើមភាគតិចនៅភូមិពូរ៉ាង មានសមាជិកប្រមាណ ១៤០គ្រួសារ ឬស្មើនឹង ៤៤៣នាក់។ អ្នកភូមិភាគច្រើនកាន់សាសនាព្រះសែន ដែលរួមមាន ការសែនព្រេន គោរពអារុក្ខ អារ៉ាក់ អ្នកតា និងព្រលឹងដូនតា ជាដើម។ ក្រៅពីនេះក៏មានអ្នកកាន់សាសនាព្រះពុទ្ធ និងគ្រិស្តមួយចំនួនផងដែរ។សម្រាប់ការធ្វើស្រែចម្ការវិលជុំ ដាំដំឡូង និងចិញ្ចឹមសត្វ គឺជារបរស្នូលរបស់អ្នកភូមិពូរ៉ាង តាំងពីដូនតារៀងរហូតមក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner