ប្រកួតវាយកូនគោលជើងឯក “VATTANAC LEGENDS CHAMPIONSHIP 2025 នឹងផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កម្ពុជា បានកាន់តែច្បាស់
(ភ្នំពេញ)៖ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯក “VATTANAC LEGENDS CHAMPIONSHIP 2025 គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ ។
ការថ្លែងរបស់ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន “VATTANAC LEGENDS CHAMPIONSHIP 2025” នាល្ងាចថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោល Vattanac Golf Resort។
ឯកឧត្តមទេសរដ្ឋមន្រ្តី ថា ព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះមិនត្រឹមតែផ្ស ព្វផ្សា យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្តរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។

ទន្ទឹមនឹងនេះ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលដ៏ធំនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ របស់ Vattanac Golf Resort សណ្ឋាគារប្រណិត ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ F4 ដ៏ថ្មីស្រឡាងរបស់កម្ពុជា ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ការហោះហើររបស់ប្រតិភូកីឡាអន្តរជាតិមកពីជុំវិញពិភពលោក។ ការទទួលស្គាល់ជាសកលអំពីការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅកម្ពុជា, ផ្សព្វផ្សាយកីឡាទេសចរណ៍បែបប្រណីត, ជំរុញកំណើន សេដ្ឋកិច្ច និងទាក់ទាញវិនិយោគ, លើកស្ទួយវប្បធម៌ និងបដិសណ្ឋារកិច្ច, អភិវឌ្ឍកីឡាវាយកូនគោលកម្ពុជា,បង្ហាញអំពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និងផ្សព្វផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក ផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការនាំយកនូវព្រឹត្តិកា រណ៍កីឡាទេសចរណ៍កម្រិតពិភពលោកនេះមកកម្ពុជា។
ពិសេសជាងនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលនេះ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះ សម្តេចតេជោ ក៏នឹងផ្តល់កិត្តិយសចូលរួមវាយកូនគោលជាមួយកីឡាករអាជីពអន្តរជាតិ និងកីឡាករ ជម្រើសជាតិកម្ពុជា រួមជាមួយអង្គទូតនានាប្រចាំកម្ពុជា និងឥស្សរជនជាន់ខ្ពស់ សំខាន់ៗ ផងដែរ ។
ជាមួយគ្នានោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអន្តរជាតិផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រឿង ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាចំណុចកណ្តាលនៃពិភពលោកក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍កីឡា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទន្ទឹមនិងនោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ឯកឧត្តមបណ្ឌិតក្នុងការជំរុញការអភិវឌ្ឍកីឡានៅកម្ពុជា។ ដោយមានការណែនាំ និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិត ជឿជាក់ថាការប្រកួតនេះនឹងជំរុញប្រជាជនកម្ពុជាកាន់តែច្រើនឱ្យស្វែងយល់ និងចាប់យកកីឡាកូនគោល ដែលជាកីឡាដែលបណ្តុះវិន័យ ការផ្តោតអារម្មណ៍ និងការគោរពចំពោះគ្នាទៅវិញទៅមក ។ សូមរួមគ្នា បង្កើតទំព័រថ្មីមួយសម្រាប់កីឡាកម្ពុជា ដែលឆ្លុះបញ្ចាំងពីមោទនភាពជាតិ ឯកភាពជាតិ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជាយើង។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន ដែលក្រុមហ៊ុន Vattanac Golf Resort បានចាប់ដៃគូជាមួយ Legends Tour និងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនគោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅប្រទេសកម្ពុជា ដំណើរការប្រកួតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលាន Vattanac Golf Resort ៕




រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ