Nvidia ទិញភាគហ៊ុន Nokia ១ពាន់លានដុល្លារ គ្រោងធ្វើឱ្យពិភពលោកភ្ជាក់ផ្អើលម្តងទៀត

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានប្រកាសថា នឹងចំណាយ ១ពាន់លានដុល្លារអាមេរិក ទិញភាគហ៊ុន របស់ក្រុមហ៊ុន Nokia ជាហេតុនាំឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនប្រទេសហ្វាំងឡង់ មួយនេះ បានកើនឡើង ២២%។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន cnbc បានឲ្យដឹងថា ដំណឹងនេះត្រូវបានប្រកាស បន្ទាប់ពីក្រុមហ៊ុន Nokia បានអះអាងពីការបញ្ចេញភាគហ៊ុនថ្មី ជាង១៦៦លានហ៊ុន ហើយនឹងប្រើប្រាស់ ប្រាក់ចំណូលបានពីនេះ ដើម្បីផ្តល់មូលនិធិ ដល់ផែនការរបស់ខ្លួន សម្រាប់ AI និង គោលបំណងសាជីវកម្មទូទៅ ផ្សេងទៀត។

ជាងនេះទៀត ក៏ស្របពេលដែលក្រុមហ៊ុនទាំងពីរបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើការរួមគ្នា បង្កើតបច្ចេកវិទ្យា 6G ជំនាន់ក្រោយ។ ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួននឹងកែសម្រួលកម្មវិធី 5G និង 6G របស់ខ្លួន ដើម្បីដំណើរការ លើបន្ទះឈីប របស់ Nvidia ហើយនឹងសហការលើបច្ចេកវិទ្យាបណ្តាញ សម្រាប់ AI ។

ក្រុមហ៊ុន Nokia បាននិយាយថា Nvidia នឹងពិចារណាបញ្ចូលបច្ចេកវិទ្យារបស់ខ្លួន ទៅក្នុងផែនការហេដ្ឋារចនាសម្ព័ន្ធ AI នាពេលអនាគត របស់ខ្លួន។

ក្រុមហ៊ុន Nokia ត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់ទូរសព្ទដៃដំបូង របស់ខ្លួន ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បានក្លាយជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរស័ព្ទ 5G ជាចម្បង ដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍។

រីឯ ក្រុមហ៊ុន Nvidia របស់លោក Jensen Huang វិញ បានប្រើប្រាស់យុទ្ធសាស្ត្រ ប្រមូលយកភាគហ៊ុនជាច្រើន នៅក្នុងដៃគូយុទ្ធសាស្រ្ត អំឡុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ខណៈដែលក្រុមហ៊ុនបានរកឃើញខ្លួនឯង នៅចំណុចកណ្តាល នៃ ពិភព AI ។ នៅក្នុងខែកញ្ញា Nvidia បានសន្យាថា នឹងវិនិយោគ 5 ពាន់លានដុល្លារ ទៅឱ្យគូប្រជែង Intel ហើយ បាននិយាយថា ខ្លួននឹងវិនិយោគ 100 ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន OpenAI ។ ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តចំនួន 500 លានដុល្លារផងដែរ ក្នុងការក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្ម រថយន្តបើកបរដោយខ្លួនឯង Wayve និង ការវិនិយោគ $667 លានដុល្លារ នៅក្នុងក្រុមហ៊ុនផ្តល់សេវា Cloud របស់ចក្រភពអង់គ្លេស Nscale៕

ប្រភពពី cnbc ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner