របរចិញ្ចឹមកណ្ដូបរបស់ពលរដ្ឋជាង ៥០ គ្រួសារនៅខេត្តកំពង់ធំ ទទួលបានចំណូលខ្ពស់
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងក្រុមការងារចុះពិនិត្យសកម្មភាពចិញ្ចឹមកណ្ដូបរបស់ប្រជាកសិករចំនួន ៥៣ គ្រួសារ នៅក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះក្នុងគោលបំណងជំរុញនិងធានាដល់ដំណើរការចិញ្ចឹម ក៏ដូចជាជួយពង្រឹងទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋអាចរកចំណូលបន្ថែមពីលើមុខរបរធ្វើស្រែចម្ការប្រចាំថ្ងៃរបស់ពួកគាត់។
ប្រជាកសិករទាំង ៥៣ គ្រួសារនេះ បានងាកមកចាប់យកមុខរបរចិញ្ចឹមកណ្ដូបជាមុខរបរបន្ទាប់បន្សំ ដោយបានសាងសង់ទ្រុងចិញ្ចឹមរហូតដល់ជិត ១០០ ទ្រុង។តាមការបញ្ជាក់ពីប្រជាពលរដ្ឋចិញ្ចឹមកណ្ដូបឳ្យដឹងថា ពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី ១ លានរៀល ទៅ ១,៥លានរៀល ក្នុងមួយខែ ។
ចំណែកលោក សែម ចាន់ធី ជាកសិករចិញ្ចឹមកណ្ដូប និងជាឈ្មួញកណ្ដាលផងនោះ បាននិយាយថា ការចិញ្ចឹមកណ្ដូបមិនមានភាពលំបាកទេ ហើយមានទីផ្សារល្អ។កណ្ដូបដែលចិញ្ចឹមតាមបែបធម្មជាតិ អាចលក់ចេញក្នុងតម្លៃចន្លោះពី ២០.០០០ រៀល ទៅ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម។ លោកអាចប្រមូលទិញពីប្រជាពលរដ្ឋប្រមាណ ៥០ គីឡូក្រាម ទៅ ១០០ គីឡូក្រាម ក្នុងមួយថ្ងៃ ហើយបន្តលក់ទៅឱ្យឈ្មួញនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។
លោកអភិបាលស្រុកតាំងគោក ក៏បានណែនាំទៅដល់អាជ្ញាធរឃុំ ឱ្យចុះសួរសុខទុក្ខ និងតាមដានការចិញ្ចឹមរបស់ប្រជាកសិករឱ្យបានញឹកញាប់ ដើម្បីធានាបាននូវដំណើរការទៅដោយរលូន ហើយត្រូវផ្តល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង៕










ដោយ : ប៊ុន រដ្ឋា