អន្តរក្រសួង ស្ថាប័ន ពិភាក្សាស្វែងរកការឯកភាពរួមគ្នា លើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ច
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួងពាក់ព័ន្ធ ប្រជុំពិភាក្សាស្វែងរកការឯកភាពរួមគ្នា លើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឱ្យបាននូវលំហូរចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីកសាងការឯកភាពរួមគ្នាសម្រេចចិត្ត និងទទួលខុសត្រូវឱ្យបានច្បាស់លាស់ ក្នុងការកំណត់បែងចែកតំបន់នីមួយៗក្នុងតំបន់បឹងទន្លេសាប រៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់នេះ ព្រមទាំងកសាងផែនការនៃការអនុវត្តប្លង់គោលផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹងមានមូលដ្ឋានដ៏សំខាន់មួយសម្រាប់យើងបោះជំហានទៅមុខ នោះគឺការឯកភាពគ្នា លើផែនការកសាងខឿនសេដ្ឋកិច្ចតំន់បឹងទន្លេសាបឱ្យក្លាយជា របៀងសេដ្ឋកិច្ច ដើម្បីសន្តិសុខស្បៀង និងសុវត្តិភាពម្ហូបអាហារ សម្រាប់កម្ពុជានាពេលអនាគត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា អ្វីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនាពេលនេះគឺជាជំហានទី១ ដោយឡែកជំហានទី២ ក្រុមការងារនឹងចុះទៅពិនិត្យមើលឱ្យបានច្បាស់លាស់នៅទីតាំងជាក់ស្តែង ហើយនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងត្រូវចងក្រងសៀវភៅ”ស” សំរាប់កំណត់គោលដៅអភិវឌ្ឍន៍នៅតាមភូមិឃុំ ក្នុងបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នឹងបន្តជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរទន្លេសាប នាពេលក្រោយជាបន្តបន្ទាប់ទៀតដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឱ្យបាននូវលំហូរចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប ៕








អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ