កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួល​បន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។

ឯកឧត្តមឧបការីក៏បានពិភាក្សាជាមួយសម្ដេចបវរធិបតី អំពីការតាមដាន​ការអនុវត្ត​នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខា​ដោយ​សម្តេចបវរធិបតី និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សី ពី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្ដេជ្ញា​អនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះ ដោយពិតប្រាកដ និងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាព រវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋ​អាមេរិកអំពីការវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែង​បង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ។

ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជន​កម្ពុជា​ចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump, កម្ពុជា បានគាំទ្រ​បេក្ខភាពឯកឧត្តមប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner