សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជា មិនដែលសុំថៃ ឲ្យបើកច្រកឡើងវិញទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។

យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សំគាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនិងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជំរាបជូនប្រជាជនកម្ពុជា កុំយល់ច្រឡំ រឿងបើកច្រកព្រំដែនកម្ពុជា ថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួន បានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃ ទៀតផង ។

ការដែលថ្នាក់ដឹកនាំថៃ រាប់ទាំងនាយករដ្ឋមន្ត្រីថៃផង និយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃ ថា ភាគីកម្ពុជា ជាអ្នកទៅសុំភាគីថៃ ឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជា ទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃ គឺជារឿងរបស់ថៃ ដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជា មិនដែលបានទៅសុំថៃ ឲ្យបើកច្រកឡើងវិញនោះទេ។ ថៃ អាចបន្តបិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ ធ្វើឲ្យទំនិញក្នុងស្រុក ចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

សម្ដេចថា ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សម្ដេចតេជោ សង្ឃឹមថា សារនេះ នឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner