អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីមាន ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និង ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគោរព និង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។

ប្រភពនេះបានបញ្ជាក់ឱ្យដឹងដែរថាជាក់ស្តែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ភាគីទាំងពីរបាន និង កំពុងធ្វើការលើបញ្ហាផ្សេងៗទៀតដូចជា កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការដោះមីន ដើម្បីមនុស្សធម៌ជាដើម។ ភាគីកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងដោយស្មោះត្រង់ក្នុងគោលបំណងរក្សា សន្តិភាពរវាងប្រទេសកម្ពុជានិងថៃ ក៏ដូចជាសន្តិភាពនិងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។ ថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរ និង រក្សាភាពស្ងៀមស្ងាត់យ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្កើតបរិយាកាសល្អ ឈានទៅអនុវត្តសេចក្តីថ្លែងការណ៍រួមនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានដោយបញ្ជាក់ថា ទោះបីយ៉ាងណា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថា មន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិល និង យោធា បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាក់ស្តែង មន្ត្រីថៃទាំងនោះបានអត្ថាធិប្បាយដោយយក ចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិនកម្ពុជា ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ថៃ និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចករណីប្រាសាទ តាក្របីជាដើម ដោយបានព្រមានពីការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយក ដែលធ្វើឱ្យតានតឹងឡើង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តគ្នាទៅលើការដោះស្រាយបញ្ហាដោយសន្តិវិធី ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម។

ជាមួយគ្នានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុថា ការអត្ថាធិប្បាយទាំងនេះ ផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាង ការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយ សតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។

ក្នុងសេចក្តីថ្លែងការណ៍នេះឱ្យដឹងថា”អ្វីដែលជាការកត់សម្គាល់យ៉ាងសំខាន់មួយទៀតដែលបញ្ជាក់ថា ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តី ថ្លែងការណ៍រួមនោះ គឺនៅត្រង់ថា រហូតមកទល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ១០ថ្ងៃហើយ ដែលភាគីថៃមិនទាន់បានដោះលែងយោធិនកម្ពុជា ១៨រូប ទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹង ត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ”។

សូមបញ្ជាក់ដែរថា ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចំណុចទី៥ បានចែងថា «ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះ ដោយគ្មានបង្អែបង្អង់ឡើយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។ កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក។ ដូច្នេះ វាមានសារសំខាន់ណាស់ដែល ភាគីទាំងពីរត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួមនេះ ដោយសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរទៅវិញទៅមក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner