ឆ្នាំនេះខេត្តបន្ទាយមានជ័យមានប្រទីបចំនួន៤១ បណ្ដែតលើដងស្ទឺងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ បានប្រារព្ធតាំងពីរសៀលថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណបរិវេណសួនតេជោសន្តិភាព សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែល
ស្ថិតនៅជាប់ដងស្ទឺងក្រុងសិរីសោភ័ណ។ឆ្នាំនេះដែរមានប្រទីបចម្រុះចំនួន៤១ បានចូលរួមបណ្ដែតបង្អួតរាងគួរជាទី
គយគន់ក្រៃលែង។
លោក បៀវ ថាន ប្រធានមន្ទីធម្មការនិងកិច្ចការសាសនាខេត្តបានលើកឡើងពីប្រវត្តិសង្ខេបនៃការបណ្ដែតប្រទីប ។លោកថា ពិធីនេះបានកើតឡើងនៅសម័យអង្គរនាសតវត្សទី១២ ។ជាបុណ្យប្រពៃណីក្នុងបំណងសម្ដែងការ “ដឹងគុណដល់ ព្រះគង្គា និងព្រះធរណី”ដែលបានផ្តល់ជីវភាពរស់នៅនឹងសុខុមាលភាព ។ពិធីបណ្ដែតប្រទីបនេះទៀតស្របនឹងទំនៀមទំលាប់នៃព្រហ្មញសាសនាផងដែរ។
លោកបន្តថា ដល់រដូវទឹកស្រកបុរាណខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀង រាល់ឆ្នាំ រៀបចំបណ្តែតប្រទីបភ្ជាប់ជាមួយពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ដើម្បីសម្តែងការដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់ បម្រើវិស័យកសិកម្ម និងមច្ឆាជាតិរួមទាំងផ្ដល់ទឹកប្រើប្រាស់សម្រាប់មនុស្ស រុក្ខជាតិ សត្វនិងធម្មជាតិ។មួយវិញទៀតពិធីបុណ្យនេះគេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺ ថ្ងៃ ១៤ កើត ១៥កើត និងថ្ងៃ១រោជ ខែកត្តិករៀងរាល់ឆ្នាំ។
ចំណែក លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ឆ្នាំនេះប្រទីបបានដាក់បណ្ដែតតាមបណ្ដោយដងស្ទឹងសិរីសោភ័ណ នៃសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ សរុបមាន៤១ប្រទីប មកពីបណ្ដាមន្ទីរ អង្គភាពស្ថាប័ន និងវិស័យឯកជនច្រើនជាងឆ្នាំមុន។ក្នុងឱកាសនេះក៏មានពិធីអកអំបុក និងសំពះព្រះខែ នៅចំណុចស្ពានថ្មត្រង់បរិវេណសួនតេជោសន្តិភាព ក្បែរមាត់ស្ទឹងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណដែលប្រទីបទាំងនោះបណ្ដែតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ឆ្នាំនេះមានតែការប្រណាំងទូក លេងតាមបណ្ដាវត្តមួយចំនួនក្នុងខេត្តតែប៉ុណ្ណោះ៕
ដោយ៖ គៀន ច័ន្ទហ៊ីន



