ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ សាស្ត្រាចារ្យខ្មែរដំបូងបង្អស់ ដែលបានធ្វើបទបង្ហាញពី “ដំណើរជាតិកម្ពុជា ១៥ សម័យកាល” ដល់និសិ្សតបរទេស នៅសាកលវិទ្យាល័យសូហ្វៀ ប្រទេសប៊ុលហ្គារី
(ប៊ុលហ្គារី)៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ បានក្លាយជាសាស្ត្រាចារ្យកម្ពុជាដំបូងគេបង្អស់ ដែលបានធ្វើបទឧទ្ទេសនាម ដល់និស្សិតបរទេសពីប្រវត្តិនៃប្រទេសខ្មែរ នៅសាកលវិទ្យាល័យ សូហ្វៀ (Sofia University) ដែលជាស្ថាប័នអប់រំល្បីបំផុតមួយ នៅប្រទេសប៊ុលហ្គារី ។ ការធ្វើបទបង្ហាញ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនៅបន្ទាប់ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានអញ្ជើញ ឯកឧត្តមឯកអគ្គរាជទូត ជាផ្លូវការ ដើម្បីធ្វើបទបង្ហាញដល់និស្សិតនៃមហាវិទ្យាល័យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ អំពីប្រវត្តិសាស្ត្រ និងដំណើរវិវត្តន៍នយោបាយរបស់កម្ពុជា ។
ប្រធានបទដែលបានបង្ហាញរួមមាន ទី១ តើអ្នកស្គាល់ព្រះរាជាណាចក្រកម្ពុជាដែរឬទេ? និងទី២ ដំណើរជាតិកម្ពុជា ១៥សម័យកាល ដែលតាមរយៈប្រធានបទទាំងពីរនេះ បាននាំឲ្យនិស្សិតបរទេស បានចាប់អារម្មណ៍អារម្មណ៍យ៉ាងខ្លាំងអំពីប្រវត្តិសាសន៍ដ៏ជូរចត់ ដែលគ្របដណ្តប់ដោយសង្គ្រាម នៃប្រទេសកម្ពុជា ទម្រាំមានការអភិវឌ្ឍដូចសព្វថ្ងៃ ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ គឺជាអតីតបេក្ខបណ្ឌិតខ្មែរមួយរូប ដ៏ល្បីល្បាញ ដែលបានបញ្ចប់ថ្នាក់បណ្ឌិត សេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ សូហ្វៀ ដោយការសរសេរនិក្ខេបបទ មានកម្រាស់ច្រើនដល់ ១៨០០ទំព័រ ដែលរៀបរាប់យ៉ាងលំអិតពីព័ត៌មានប្រវត្តិសាស្ត្រ និងការវិវត្តន៍នយោបាយកម្ពុជា ពីសម័យអង្គររហូតដល់សម័យសន្តិភាពបច្ចុប្បន្ន ។
ក្នុងការធ្វើបទបង្ហាញជាផ្លូវការនេះ ឯកឧត្តមបានលើកឡើងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ និងចែករំលែកចំ ណេះដឹងអំពីប្រទេសកម្ពុជា ដល់និស្សិតបរទេស ដោយឯកឧត្តមបានប្រើស្លាយចំនួន ១៥៣ស្លាយ និងវីដេអូឯកសារចំនួន ៤ ដែលបង្ហាញយ៉ាងលម្អិតពីសាវតារនៃកម្ពុជា តាំងពីសម័យអង្គរជាតិ ដល់សម័យបច្ចុប្បន្ន ។
លំដាប់លំដោយនៃការធ្វើបទបង្ហាញអំពីប្រវត្តិសាសន៍ខ្មែរនោះ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ បានលើកឡើងពីវគ្គសម័យប្រវត្តិសាស្ត្រដ៏សំខាន់ៗ របស់កម្ពុជា ដែលរាប់តាំងពីពេលដែលកម្ពុជាបានទាមទាឯករាជ្យពីបារាំង នៅឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ ក្រោយការជាប់នឹមត្រួតត្រាអស់ជាច្រើនទសវត្សរ៍។ រហូតដល់ឆ្នាំ១៩៧០ ដែលកម្ពុជាត្រូវបានផ្លាស់ប្តូរពីរាជានិយម ទៅជាសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកលន់ នល់ ក្រោយការទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច ។ រហូតក្រោយមក កម្ពុជានៅឆ្នាំ១៩៧៥ បានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ នៃសង្រ្គាមស៊ីវិល ក្រោមការដឹកនាំរបស់ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនជាង ៣លាននាក់ ដោយអសីលធម៌ ។
ឯកឧត្តមបណ្ឌិត បានប្រាប់ទៅនិស្សិតបរទេសថា នោះគឺជាសម័យកាលដ៏អាប់អួរ ដែលប្រជាជនកម្ពុជា មិនអាចភ្លេចបានឡើយ ។ ក្រោយមក សម្តេចតេជោ ហ៊ុន សែន បានប្រថុយជីវិត ទៅស្វែងរកជំនួយពីវៀតណាម ដើម្បីរៀបចំកងកម្លាំងសង្រ្គោះជាតិ និងបានរំដោះប្រជាជន និងបញ្ចប់របបប្រល័យពូជសាសន៍ដោយជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាការបើកផ្លូវឱ្យប្រទេសកម្ពុជា បានចាប់ផ្តើមស្ថាបនាឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពពិបាកដល់កម្រិតខ្ពស់។
ឯកឧត្តមឯកអគ្គរាជទូតខ្មែរ បានអធិប្បាយថា សម្តេចតេជោ ហ៊ុន សែន មានមូលដ្ឋានលើសេចក្តីជឿថា “សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានទេ”។ ដូចនេះហើយ ទើបសម្តេចតេជោ និងសម្តេចព្រះនរោត្តម សីហនុ បានស្វែងរកការចរចាររកដំណោះស្រាយសន្តិភាពជាតិ យ៉ាងលំបាកចាប់ពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៩១ ដោយមានជំនួបជាបន្តបន្ទាប់ រហូតទើបនាំឱ្យកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ ១៩៩១។
បន្ទាប់មកកម្ពុជាបានបង្កើត សភាធម្មនុញ្ញ, រៀបចំរដ្ឋធម្មនុញ្ញថ្មី, និងចេញច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ ។ ក្រោយមកទៀត នៅចុងឆ្នាំ១៩៩៨ មេដឹកនាំកំពូលៗនៃរបបក្រហម ក៏បានចុះចូលសម្របសម្រួលជាមួយសម្តេចតេជោ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាគន្លងដ៏សំខាន់នាំឱ្យមានសន្តិភាពពេញលេញនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា បន្ទាប់ពីសង្គ្រាមបានបញ្ចប់យ៉ាងពេញលេញនៅឆ្នាំ១៩៩៩ កម្ពុជាបានចាប់ផ្តើមដំណាក់កាលនៃការបង្រួបបង្រួមជាតិ និងស្ថាបនាផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ច ។ រយៈពេលត្រឹមពីរឆ្នាំបន្ទាប់ កម្ពុជាបានបង្ហាញសន្ទុះសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលបានរក្សាបានជាប់លាប់អស់រយៈពេលជាងពីរទសវត្សរ៍ រហូតដល់ពេលកើតមានជំងឺរាតត្បាត កូវីដ-១៩ នៅឆ្នាំ ២០២០។
ឯកឧត្តម បានប្រាប់បរទេសថា សន្ទុះនៃការអភិវឌ្ឍន៍នេះ បានផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជា ទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម អប់រំ និងសុខាភិបាល ។ កម្ពុជាបានក្លាយជាប្រទេសមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពអភិវឌ្ឍលឿនជាងមុន។ នៅជាមួយគ្នានោះមុខមាត់កម្ពុជា លើឆាកអន្តរជាតិ នោះវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានចូលរួមក្នុងអង្គការ និងសមាគមអន្តរជាតិជាច្រើន ដូចជា អាស៊ាន (ASEAN), អង្គការសហប្រជាជាតិ (UN) និងសហការជា មួយប្រទេសមិត្តភក្តិជាច្រើន ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសមត្ថភាពប្រទេសនៅលើឆាកពិភពលោក។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ បានលើកទឹកចិត្តនិស្សិតឱ្យសិក្សាស្រាវជ្រាវ និងយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិឱ្យជ្រាលជ្រៅ ព្រោះ “ប្រវត្តិសាស្ត្រ គឺជាអត្ថាធិប្បាយនៃអនាគត” ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB : Dr. CHEA Chanboribo












