ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តចែកជូនមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម នៅទូទាំង ខេត្តកោះកុង

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និង វត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតី ក្នុងការប្រគល់ធុងសំរាមទាំងនេះ។

ក្នុងពិធីនេះដែរ ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តកោះកុង ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តតំបន់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់នូវភាពស្អាតដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយផ្តើមចេញពីការអប់រំផ្សព្វផ្សាយ យុទ្ធនាការ ទៅចលនា និងក្លាយជាទម្លាប់ស្អាតតរហូតទៅ។ ក្រសួងបរិស្ថានបានសម្រេចលទ្ធផល ភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួន ១៤លាន អង្គ/នាក់។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបន្ទាប់មួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋរួមគ្នា រើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថានបានកំពុងនឹងកំពុងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្អាត ផ្លូវជាតិឱ្យបានស្អាត ដើម្បីផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក ។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កន្លងមកនេះ បានថ្លែងអំណរគុណ ដល់អ្នកចូលរួមទាំងអស់ និងបានដាក់ចេញផែនការសកម្មភាពដើម្បីកម្ពុជាដែលជាផ្ទះយើងស្អាត តាមរយ: ការចែកធុងសំរាម ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម និងការកែច្នៃសំរាម ការបំពាក់ឡដុតសំរាមជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner