ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

(ខេត្តកណ្តាល)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ។ ពិធីប្រគល់ និងទទួលផ្ទះនេះ ប្រព្រឹត្តទៅនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានលះបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។

ការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតីរួមចំណែកបន្តលើកកម្ពស់ដល់ការថែរក្សាឱ្យបានគង់វង្ស នូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និងសុខុមាលភាពប្រជាជាតិយើង គឺជាកិច្ចការដ៍សំខាន់សម្រាប់រដ្ឋាភិបាល និងប្រជាជនយើង ។
កត្តាសុខសន្តិភាព ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិ នីមួយៗ ។ តាមរយៈនេះ យើងមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធយើង ដែលតែងបានបូជាទស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ ដំណាក់កាល សូមឱ្យដួងវិញ្ញាណក្ខន្ធវីរកងទ័ពរបស់យើងដែលបានពលីក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី សូមបានទៅកាន់ទីកន្លែងដែលសុខសប្បាយ និងងាកមកអោយពរជ័យ ជោគជ័យដល់វីរកងកម្លាំងប្រដាប់អាវុធយើងទាំងអស់ ឈ្នះអស់មារសត្រូវ ដែលមានបំណងមិនល្អចំពោះកម្ពុជា ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។

សម្តេចធិបតី បានលើកឡើងថា «បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យ។ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ អំណោយនានា ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន ជាក់ស្តែងដូចអ្វីដែលបានឃើញនេះ ។

លោកស្រី យុន វណ្ណឌី ភរិយា លោកអនុសេនីយ៍ត្រី រិន វាសនា ដែលបានពលីជិវិត បានគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានជួយគាត់និងក្រុមគ្រួសារអោយមានផ្ទះថ្មី រស់នៅសមរម្យ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner