ប្រាសាទបក្សីចាំក្រុងមានអាយុកាលជាង ១ពាន់ឆ្នាំដែលប្រឈមហានិភ័យខ្ពស់ត្រូវបានអាជ្ញាធរជាតិអប្សរាទល់ទ្រ និងធ្វើការអភិរក្ស

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញបាននិងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទ បក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។

លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងបានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។

លោកប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងបានឱ្យដឹងបន្ថែមថា កន្លែងហានិភ័យខ្លាំងនៅក្នុងប្រាសាទនេះ គឺនៅផ្នែកដំបូល និងផ្នែកខ្លះនៃជញ្ជាំង។

លោកថា”ដោយសារជាប្រាសាទខ្ពស់ ដូច្នេះគេត្រូវប្រើកម្លាំងពលករច្រើន ដើម្បីជញ្ជូនសម្ភារៈផ្សេងៗឡើងលើប្រាសាទ ហើយត្រូវសង់រន្ទា ដើម្បីរៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទនេះ”។

ជាមួយគ្នានេះ លោក ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងបានបញ្ជាក់បន្ថែមថា វាជាការសម្រេចចិត្តដ៏ល្អបំផុត និងទាន់ពេលវេលា ដើម្បីបង្ការហានិភ័យខ្ពស់ជាងនេះ ដែលតម្រូវឱ្យមានផែនការជួសជុល សម្រាប់ថ្ងៃអនាគតផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner