ចិនសម្ញែងនាវាដឹកយន្តហោះធំបំផុតទម្ងន់ ៨ ម៉ឺនតោន

ប៉េកាំង ៖ នាវាដឹកយន្តហោះទំនើបបំផុតទី៣របស់ប្រទេសចិន ឈ្មោះថា ហ៊្វូជៀន (Fujian) មានទម្ងន់រហូតដល់ ៨០,០០០តោន ថ្មីៗនេះបានចូលជួយជាកម្លាំងកងទ័ពជើងទឹកជាផ្លូវការហើយ។

ការដាក់ដំណើរការនាវាដឹកយន្តហោះនេះ ជាការវិវត្តថ្មីមួយទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រែក្លាយខ្លួនជាកងកម្លាំង Blue Water ឬ “ទឹកពណ៌ខៀវ” ក្នុងបរិបទនៃការប្រឈមមុខផ្នែកភូមិសាស្រ្តទាំងនៅតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ពិសេសឥទ្ធិពលអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រោយសាងសង់រួចរាល់ នាវានេះបានឆ្លងកាត់ការសាកល្បងលើផ្ទៃសមុទ្រជាច្រើនលើកចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ មុនដាក់ឲ្យចូលជួយជាកម្លាំងកងទ័ពជើងទឹកពេលនេះ។ នាវាហ៊្វូជៀន ដែលសាងសង់ដោយចិនផ្ទាល់នេះ នឹងចូលបម្រើការជាមួយនាវាដឹកយន្តហោះពីរទៀតឈ្មោះ សានតុង និងលាវនីង តែមានទំហំតូចជាងហ៊្វូជៀន ហើយកោងនៅផ្នែកខាងមុខ ដែលជាការរចនាបន្សល់ទុកពីសម័យសូវៀត។

គិតមកទល់ពេលនេះ ចិនទើបតែមាននាវាដឹកយន្តហោះចំនួន ៣គ្រឿងប៉ុណ្ណោះ ខណៈដែលអាមេរិកវិញ មាននាវាដឹកយន្តហោះចំនួន ១១គ្រឿងឯណោះ ហើយដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចចេញប្រតិបត្តិការបានឆ្ងាយ និងនៅក្រោមទឹកបានយូរថែមទៀត។

ថ្វីត្បិតតែចាញ់រឿងនាវាដឹកយន្តហោះក៏ដោយ ប្រទេសចិនត្រូវបានគេទទួលស្គាល់ថា ជាមហាអំណាចកងទ័ពជើងទឹកចិនរបស់ពិភពលោក បើគិតពីចំនួននាវាចម្បាំង រួមទាំងនាវាមុជទឹកផងដែរ។ ជាក់ស្តែង យោងតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ចិនបានដាក់ដំណើរការនាវាចម្បាំងសរុបចំនួន ២៣៤គ្រឿង ខណៈដែលអាមេរិកមានចំនួនត្រឹមតែ ២១៩គ្រឿងប៉ុណ្ណោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner