ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ មកកម្សាន្តក្នុងខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ ឆ្នាំ២០២៥
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ចប់ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរសរុបជិត ៣ម៉ឺននាក់។ ពិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យរយៈពេល ៣ថ្ងៃនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងខេត្តមានចំនួនសរុប ២៧,៧៤៤ នាក់។
ក្នុងនោះ ភ្ញៀវទេសចរទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរសរុប ៨,២៤៤ នាក់ (ភ្ញៀវជាតិ ៧,៩២០ នាក់ និងភ្ញៀវបរទេស ៣២៤ នាក់) ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងនៅសួនដងស្ទឹងសែន: ប្រមាណ ១៩,៥០០ នាក់ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាមរតកវប្បធម៌ដ៏យូរលង់របស់ដូនតាខ្មែរ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបន់ស្រន់សុំសេចក្តីសុខ ទឹកភ្លៀង និងអភិរក្សវប្បធម៌ប្រពៃណីខ្មែរឱ្យបានគង់វង្ស។ សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្តពុំបានរៀបចំពិធីប្រណាំងទូកដូចបណ្តាឆ្នាំមុនៗទេ ប៉ុន្តែបានរក្សាពិធីសំខាន់ៗដទៃទៀត ដើម្បីរំឭកដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់ភោគផលល្អក្នុងការងារកសិកម្ម។
ឯកឧត្តម ដៀប ពិរី បានលើកឡើងអំពីការរៀបចំគ្រឿងរន្តាប់តាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ព្រមទាំងមានការសម្ដែងរបាំ ពិធីក្រុងពលី ពិធីលើកដង្វាយថ្វាយព្រះខែ ពិធីអុជកាំជ្រួច និងបង្ហោះគោមផងដែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យដ៏វិសេសនេះ។
គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចគ្រប់ទីតាំងបានពង្រាយដើម្បីរឹតបណ្តឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យពេញរយៈពេល ៣ថ្ងៃ ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព ៕
ដោយ ៖ ប៊ុនរដ្ឋា














