ផលនៃសន្តិភាព! ខេត្តសៀមរាប ស្វាគមន៍ភ្ញៀវ ៣៦៨,២៤៦ នាក់ ក្នុងឱកាសបុណ្យអុំទូក ជាមួយនឹងព្រឹត្តិការណ៍ច្នៃប្រឌិតថ្មី
(សៀមរាប)៖ ខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣៦៨.២៤៦ នាក់ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
ព្រឹត្តិការណ៍ជំនួសបុណ្យអុំទូកនៅសៀមរាប ទោះបីជាពិធីបុណ្យអុំទូកថ្នាក់ជាតិត្រូវបានផ្អាកក៏ដោយ ក៏រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីជិះទូកកម្សាន្តលើស្ទឹងសៀមរាប ផ្សារទឹក ការប្រណាំងអុំទូកខ្នាតខ្លី រួមជាមួយនឹងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទៀតដូចជា ប្រគំតន្ត្រីស្គរដៃ ការតាំងពិព័រណ៍ ប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ ដើម្បីជំនួស និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ។
ក្នុងរបាយការណ៍ដដែល បានបង្ហាញថា ចំនួនភ្ញៀវទេសចរសរុប ៣៦៨.២៤៦ នាក់ នេះ គឺមានការកើនឡើង ៥.៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ ចំនួន ៣៥៨.៦០០ នាក់ ។ ភ្ញៀវទេសចរបរទេស ចំនួន ៩.៦៤៦ នាក់ ។
ការកើនឡើងនេះ គឺដោយសារខេត្តសៀមរាប បានបង្កើតរមណីយដ្ឋាន និង ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដូចជា រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន បឹងទន្លេសាប និងរមណីយដ្ឋានសហគមន៍ រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិបៃតង និងអតីតៈភូមិវប្បធម៌ ដែលស្របតាមផែនទីបង្ហាញផ្លូវរបស់ក្រសួងទេសចរណ៍។
ស្ថិតក្រោមដំបូលសន្តិភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបមុខរបរ និងធ្វើដំណើរនៅក្នុងផ្ទៃប្រទេសប្រកបដោយសុវត្ថិភាពខ្ពស់។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋសូមថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ៕
ដោយ ៖ ប៊ុនរដ្ឋា












