លោក Elon Musk ចង់បង្កើតរោងចក្រផលិតឈីប AI ធំបំផុតក្នុងលោក
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានប្រកាសអួតក្តែងៗទៅកាន់ពិភពលោកថា ក្រុមហ៊ុន Tesla នឹងបង្កើតរោងចក្រផលិតឈីបបញ្ញាសិប្បនិម្មិត (AI) ធំបំផុតក្នុងលោក ឈ្មោះថា “ Gigantic Chip Fab” ឬ “Terafab” ប៉ុន្តែលោកមិនបានបង្ហើបពីទឹកប្រាក់វិនិយោគទេ។
ស្ថាបនិកក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សអាមេរិករូបនេះនិយាយថា មូលហេតុដែល Tesla ចង់សាងសង់រោងចក្រនេះ គឺក្នុងគោលបំណងផលិតឈីបបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធដំណើរការស្វ័យប្រវត្តិ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន។
លោក Musk បន្ថែមថា ការបង្កើតរោងចក្រផ្ទាល់ខ្លួន នឹងអាចជួយឲ្យ Tesla គ្រប់គ្រងការផ្គត់ផ្គង់ឈីប AI ដោយខ្លួនឯង សម្រាប់ប្រើនៅក្នុងឡានស្វ័យប្រវត្តិ និងមនុស្សយន្តឆ្លាតវៃ “Optimus”។
បច្ចុប្បន្ន Tesla ពឹងពាក់លើឈីបរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung។ លោក Musk បន្ថែមថា Tesla កំពុងពិចារណាចាប់ដៃគូសហការជាមួយ Intel ដើម្បីអភិវឌ្ឍន៍ ឬផលិតឈីប AI ប៉ុន្តែបច្ចុប្បន្នមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការទេ។
ទោះបីជាយ៉ាងណា Tesla បានបង្ហាញផែនការផលិតឈីបថ្មីៗមានដូចជាឈីប AI5 ដែលនឹងចាប់ផ្តើមផលិតបរិមាណតូចនៅឆ្នាំ២០២៦ ហើយផលិតបរិមាណធំនៅឆ្នាំ២០២៧ និងឈីប AI6 រំពឹងថា នឹងចាប់ផ្តើមផលិតនៅឆ្នាំ២០២៨៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

