កូរ៉េខាងត្បូងនឹងផលិតបាននាវាមុជទឹកនុយក្លេអែរដំបូងនៅឆ្នាំ ២០៣០

សេអ៊ូល ៖ កូរ៉េខាងត្បូងបានបង្ហាញជំនឿចិត្តខ្ពស់ថា នៅត្រឹមឆ្នាំ ២០៣០ ខ្លួនដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរដំបូង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើកភ្លើងខៀវដល់ទីក្រុងសេអ៊ូល។

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Won chong dae បាននិយាយថ្មីៗនេះថា វាអាចទៅរួច ដែលកូរ៉េខាងត្បូងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រើប្រាស់បច្ចេកវិទ្យាខ្លួនឯងផ្ទាល់។

លោកថា បើសិនកូរ៉េខាងត្បូងទទួលបានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយពីអាមេរិក ដើម្បីប្រើប្រាស់ជាឥន្ធនៈសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នោះយើងរំពឹងថា នឹងអាចផលិតបាននាវាប្រភេទនេះលើកដំបូងនៅត្រឹមពាក់កណ្តាលឆ្នាំ ២០៣០។ បើតាមលោក Won chong dae, កូរ៉េខាងត្បូងមានសមត្ថភាពពេញលេញ ក្នុងការរចនា និងសាងសង់នាវាមុជទឹកលំដាប់ពិភពលោករួចហើយ។

តែយ៉ាងណាមិញ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរបច្ចុប្បន្នរវាងប្រទេសទាំងពីរ, កូរ៉េខាងត្បូងមិនត្រូវបានអនុញ្ញាតឲ្យកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលប្រើប្រាស់ហើយ ឬចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់គោលបំណងយោធានោះទេ ទោះបីជាកូរ៉េខាងត្បូងមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផលិតថាមពលក៏ដោយ។

សូមរម្លឹកថា សហរដ្ឋអាមេរិកបានបើកដៃឱ្យកូរ៉េខាងត្បូងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោយមានជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង លោក លី ជេម្យុង នៅទីក្រុងក្យុងជូ មុនពេលចូលរួមកិច្ចប្រជុំកំពូល APEC។

ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ នេះដែរ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ដែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តែងតែប្រឆាំងនឹងមហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារព្រួយបារម្ភអំពីការរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

ប្រភព ៖ CNA និង The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner