ជំរឿនមន្ត្រីមន្រ្តីរាជការ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់ការណែនាំឱ្យក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីទូទាំងប្រទេស។ ការធ្វើជំរឿនមន្ត្រីនៅពេលនេះ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ។ ការធ្វើជំរឿនមន្ត្រីនាពេលនេះ ក្រុមការងារមន្ត្រីជំរឿន នឹងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់តែម្តង។ ការចុះទៅដោយផ្ទាល់នេះ គឺជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ នៃការធ្វើជំរឿននោះដែរ។

នេះបើតាមការបញ្ជាក់របស់ ក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តការងារ និងលទ្ធផលដែលសម្រេចបានឆ្ពោះទៅកាន់ការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ ពិសេសការអនុវត្តមុនគេដោយផ្ទាល់នៅក្រសួងមុខងារសាធារណៈនាពេលខាងមុខ ។

ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ៦រូប ដែលជាថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ ដែលជាក្រុមការងារទាំងអស់ នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០នាក់ ។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គភាពនីតិប្រតិបត្តិ គឺជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។ យុទ្ធនាការជំរឿនមន្ត្រី ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ហើយនឹងត្រូវបន្តតាមបណ្តាខេត្តទូទាំងប្រទេស។ ដោយឡែកសម្រាប់មុខសញ្ញា ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ យុទ្ធនាការជំរឿនមន្ត្រីនឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។ គោលដៅនៃការធ្វើជំរឿននេះ គឺដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។

វេទិកានេះ មានការបង្ហាញអំពីសាវតា គោលបំណង វិសាលភាព ក៏ដូចជាបច្ចេកទេសផ្សេងៗគាំទ្រដល់ដំណើរការនៃយន្តការធ្វើជំរឿនមន្ត្រីជាក់ស្តែង ព្រមទាំងវេទិកាសំណួរ ចម្លើយ ពីវាគ្មិនទាំង៦ រូប ដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ជាមួយអ្នកសារព័ត៌មានផងដែរ។

វាគ្មិនកិត្តិយសទាំង ៦រូបរួមមាន៖ (១)លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការតិ, (២)ឯកឧត្ដម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ, (៣)ឯកឧត្ដម ទិត ច័ន្ទតារា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការ, (៤)ឯកឧត្ដម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល និងជាប្រធានក្រុមការងារបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលនៃគណៈកម្មការ (៥)លោក មាស ពេជ្រ អគ្គនាយករង តំណាងឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី ប្រធានក្រុមការងារបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីនៃគណៈកម្មការ និង (៦)លោក ឡេង សុភក្រ ប្រធាននាយកដ្ឋានធនធានមនុស្ស តំណាង ឯកឧត្ដម សុខ សប្បាយណា អនុប្រធាននៃគណៈកម្មការ៕

ដោយ ៖ ង៉ាន់ ទិត្យ
រុបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner