អ្នកនាំពាក្យក្រសួងកសិកម្ម៖ស្រូវចំនួន១៤.០០០តោន នឹងប្រមូលទិញបន្ថែមទៀតនៅថ្ងៃនេះ
ភ្នំពេញ៖ស្រូវចំនួន១៤.០០០តោនបន្ថែមទៀតនឹងប្រមូលទិញដោយរោងម៉ាស៊ីនជាដៃគូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានទិញជិតមួយម៉ឺនតោនរួចមកហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានសរសេរថា”ស្អែករោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មចំនួន២៧នឹងប្រមូលទិញស្រូវពីបងប្អូនកសិករនៅទូទាំងប្រទេសចំនួនប្រមាណ១៤.០០០តោនបន្ថែមទៀត បន្ទាប់ពីបានទិញជិត១ម៉ឺនតោនកាលពីម្សិលមិញ”។
ទាក់ទងនឹងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនជាដៃគូក្រសួងកសិកម្ម អ្នកនាំពាក្យខាងលើបានប៉ាន់ប្រមាណថា ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតាជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។
ឯកឧត្តម ឃឹម ហ្វីណង់ ប្រាប់ថា ប៉ុន្មានខែកន្លងមកនេះតាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា នៅក្នុងខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្មរបស់យើងទាំងមូលមានតួអង្គច្រើន ហើយចាំបាច់ណាស់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាជាប្រព័ន្ធនិងពង្រឹងភាពជាដៃគូ មិនថានៅក្នុងវិស័យសាធារណៈនិងវិស័យឯកជន ដើម្បីបង្កើនភាពធន់ទៅនឹងហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារ ។
សូមជម្រាបថា សន្ទុះនៃការប្រមូលទិញស្រូវនេះបានហក់ឡើងបន្ថែមទៀតស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមចំនួន ៤០លានដុល្លារអាម៉េរិកតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងពេលប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ខាងមុខ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីកសិករ។
តាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដដែល ថាក្នុងរដូវកាលប្រមូលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវមានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ ២០២៤ របស់ប្រទេសមួយចំនួនបន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។
ទាក់ទងនឹងការទម្លាក់មូលនិធិបន្ថែមចំនួន៤០លានដុល្លារនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកា ថា នេះគឺជាកិច្ចអន្តរាគមន៍លើកទី៣នៅក្នុងឆ្នាំ២០២៥ ដែលកន្លងមកយើងក៏ធ្លាប់បានបញ្ចេញថវិកាចំនួន៥០លានដុល្លាររួចមកហើយផងដែរ។ សរុបជាទឹកប្រាក់ទាំង៣លើក កិច្ចអន្តរាគមន៍ទាំងនេះមានទំហំ៩០លានដុល្លារ ដើម្បីបង្កើនកម្លាំងស្រូបទាញពីទីផ្សារនិងបញ្ចៀសការកកស្ទះការលក់ស្រូវរបស់ប្រជាកសិករនៅតាមទីវាល៕
ដោយ៖ម៉ាដេប៉ូ


